ក្រុងហូជីមិញកត់ត្រាចំនួនអ្នកឆ្លងជំងឺអ៊ុតស្វាថ្មីបួនករណី

ហាណូយ៖ នាយកដ្ឋានសុខាភិបាលក្រុងហូជីមិញបានឱ្យដឹងថា ក្រុងនេះរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វាថ្មីចំនួន ៤ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងប្រចាំក្រុងសរុបឡើងដល់ ១៥ ករណី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

នាយកដ្ឋានបន្តថា អ្នកជំងឺទាំងបួននាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងហូជីមិញសម្រាប់ជំងឺត្រូពិក (HCMC Hospital for Tropical Diseases) ហើយស្ថានភាពជំងឺរបស់ពួកគេមិនធ្ងន់ធ្ងរនោះទេ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមដែលគ្មានវ៉ាក់សាំងសម្រាប់ជំងឺអ៊ុតស្វា បានកត់ត្រាករណីជំងឺនេះចំនួន ១៥ ទូទាំងប្រទេស ក្នុងនោះមាន មួយករណីរកឃើញនៅខេត្ត Binh Duong ។

ករណីជំងឺអ៊ុតស្វាពីរដំបូងរបស់ប្រទេសវៀតណាម ត្រូវបានរកឃើញនៅខែតុលា ឆ្នាំ ២០២២ ដោយអ្នកជំងឺបានឆ្លងវីរុសនេះក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗនៅពេលត្រឡប់មកប្រទេសវិញ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់ក្រុងហូជីមិញ ជំងឺអ៊ុតស្វាត្រូវបានកំណត់ថាជាជំងឺឆ្លងក្រុម B ហើយលែងបង្កជាភាពអាសន្នទៀតហើយ ដូច្នេះហើយ អាជ្ញាធរសុខាភិបាលនឹងមិនប្រកាសករណីនីមួយៗទេ ប៉ុន្តែគ្រាន់តែរាយការណ៍ពីចំនួនករណីសរុបប្រចាំសប្តាហ៍ និងប្រចាំខែប៉ុណ្ណោះ។

អ្នកជំនាញផ្នែកសុខភាពបាននិយាយថា ជំងឺអ៊ុតស្វាមិនងាយឆ្លងរីករាលដាលនៅក្នុងសហគមន៍ទេដោយវាភាគច្រើនឆ្លងតាមរយៈការទំនាក់ទំនងផ្លូវភេទ។

គួររំឮកថា នៅថ្ងៃទី ១១ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺនេះលែងជាភាពអាសន្នសុខភាពសាធារណៈសកលទៀតហើយ ពោលគឺជិតមួយឆ្នាំ បន្ទាប់ពីការគំរាមកំហែងនៃជំងឺនេះបានផ្ទុះឡើងវិញ៕ ដោយ៖ ហួន ឌីណា

ads banner