ចិនប្រឆាំង និងថ្កោលទោសសកម្មភាពបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស
ប៉េកាំង៖ ប្រទេសចិននិយាយនៅថ្ងៃចន្ទទី៩ខែតុលាថា ខ្លួនប្រឆាំងនិងថ្កោលទោសចំពោះសកម្មភាពហិង្សាដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលទាំងនៅលើទឹកដីរបស់អ៊ីស្រាអែល និងនៅហ្កាហ្សារបស់ប៉ាឡេស្ទីនខណៈចំនួនអ្នកស្លាប់ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅថ្ងៃទី៣ កើនលើស ១ ១០០ នាក់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង(Mao Ning) បាននិយាយថា៖ «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រីបន្ថែមថា ៖ «ទីក្រុងប៉េកាំង មានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិល ដែលបណ្តាលមកពីជម្លោះ ហើយប្រឆាំង និងថ្កោលទោសចំពោះសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល»។
លោកស្រីម៉ៅ បានបន្តថា ៖ «ចិនប្រឆាំងសកម្មភាពដែលពង្រីកជម្លោះ និងបំផ្លាញស្ថិរភាពក្នុងតំបន់ ហើយសង្ឃឹមថានឹងមានបទឈប់បាញ់ និងការបញ្ចប់សង្រ្គាម និងការស្ដារសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានេះផងដែរ លោកស្រី ម៉ៅ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដើរតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងរួមគ្នាលើកកម្ពស់ការបន្ថយកម្ដៅនៃស្ថានការណ៍ ដែលពឹងផ្អែកលើការចរចាសន្តិភាព ហើយប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងក្នុងបញ្ហានេះ ជាមួយសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនបើកការវាយប្រហារលើអ៊ីស្រាអែលទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើល ដោយអះអាងថា ដើម្បីជាការឆ្លើយតបនឹងសកម្មភាពឃោរឃៅរបស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីនអស់ជាច្រើនឆ្នាំមកនេះ។
អ៊ីស្រាអែលបើកការវាយបក ដោយប្រកាសសង្រ្គាម ហើយធ្វើការប្រមូលទ័ពដើម្បីប្រយុទ្ធ ខណៈបន្តការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា រួមទាំងការទម្លាក់គ្រាប់បែក។
គិតត្រឹមថ្ងៃចន្ទ ដែលជាថ្ងៃទី៣នៃជម្លោះស្ថានការណ៍នៅតែបន្តតានតឹង ខណៈភាគីប៉ាឡេស្ទីនរាយការណ៍ពីអ្នកស្លាប់ប្រមាណជាង ៤០០ នាក់ ហើយអ៊ីស្រាអែលរាយការណ៍ពីអ្នកស្លាប់ជាង ៧០០ នាក់។ ក្រុមហាម៉ាស់ក៏បានអះអាងផងដែរ ពីការចំណាប់ខ្មាំងជាង ១០០ នាក់ពីអ៊ីស្រាអែល៕ ប្រែសម្រួល៖ ហួន ឌីណា