មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក បើកកិច្ចប្រជុំលើកដំបូងនៅទ្វីបអាហ្រ្វិកក្នុងរយៈពេល ៥០ ឆ្នាំ

អន្តរជាតិ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក(WB) នៅថ្ងៃចន្ទនេះ រៀបចំការជួបជុំប្រចាំឆ្នាំរបស់ខ្លួនជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលពីប្រទេសផ្សេងៗនៅទ្វីបអាហ្វ្រិកជាលើកដំបូងក្នុងរយៈពេល ៥០ ឆ្នាំមកនេះ ដើម្បីពិភាក្សាគ្នាជាស្នូលលើបញ្ហាប្រាក់កម្ចី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ដើមឡើយកិច្ចប្រជុំនេះគ្រោងនឹងរៀបចំឡើងនៅក្រុង Marrakesh នៃប្រទេសម៉ារ៉ុក ក្នុងឆ្នាំ ២០២១ ប៉ុន្តែត្រូវពន្យាពេលវិញដោយសារតែវិបត្តិកូវីដ១៩។ គ្រោះរញ្ជួយដីដែលសម្លាប់មនុស្សជិត ៣ ០០០ នាក់ក្នុងតំបន់នេះ ប៊ិះនឹងពន្យាពេលកិច្ចប្រជុំម្ដងទៀតទៅហើយ ប៉ុន្តែរដ្ឋាភិបាលម៉ារ៉ុកសម្រេចចិត្តមិនពន្យាវិញ។
IMF និងធនាគារពិភពលោកបានបើកកិច្ចប្រជុំចុងក្រោយរបស់ខ្លួននៅទ្វីបអាហ្វ្រិកក្នុងឆ្នាំ ១៩៧៣ នៅពេលដែលប្រទេសកេនយ៉ាធ្វើជាម្ចាស់ផ្ទះ ហើយប្រទេសមួយចំនួនក្នុងទ្វីប នៅតែស្ថិតនៅក្រោមអាណានិគមនៅឡើយ។

កន្លះសតវត្សក្រោយមក ទ្វីបអាហ្វ្រិកនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនរាប់ចាប់ពីជម្លោះ រហូតដល់រដ្ឋប្រហារយោធាជាបន្តបន្ទាប់ ភាពក្រីក្រ និងគ្រោះមហន្តរាយធម្មជាតិ។

នាយិកាគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុង Abidjan នៃប្រទេសកូដអីវ័រ កាលពីសប្តាហ៍មុនថា៖ «សេដ្ឋកិច្ចពិភពលោកដែលរីកចម្រើនក្នុងសតវត្សទី ២១ ទាមទារឱ្យមានទ្វីបអាហ្វ្រិកដែលរុងរឿង»។

កិច្ចប្រជុំលើកនេះ រំពឹងថានឹងផ្ដោតសំខាន់ទៅលើការផ្ដល់ប្រាក់កម្ចីដល់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើតាម AFP។ ប្រទេសរួមចំណែកសំខាន់ៗមិនពេញចិត្តនឹងការបង្កើនដើមទុនទេ ព្រោះវានឹងបង្ខំពួកគេឱ្យដាក់មូលនិធិកាន់តែច្រើន ហើយនឹងផ្តល់ឥទ្ធិពលកាន់តែខ្លាំងដល់មហាអំណាចដែលកំពុងរីកចម្រើនដូចជាចិន និងឥណ្ឌាជាដើម។

ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោករំពឹងថានឹងបញ្ជាក់ពីផែនការជំរុញការផ្តល់ប្រាក់កម្ចីចំនួន ៥០ ប៊ីលានដុល្លារក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ តាមរយៈការផ្លាស់ប្តូរតារាងតុល្យការ។

ប្រធានធនាគារពិភពលោក លោក Ajay Banga ចង់បន្កើនចំនួននេះបន្ថែមទៀត រហូតដល់ចំនួន ១០០ ប៊ីលាន ឬក៏អាចដល់ ១២៥ ប៊ីលានដុល្លារ តាមរយៈការរួមចំណែកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។

ជាមួយគ្នានេះកិច្ចពិភាក្សាលើបញ្ហានេះ ត្រូវបានគេមើលឃើញថា នឹងបញ្ចប់ទៅដោយមានការព្រមព្រៀងគ្នានៅក្រុង Marrakesh នេះទេ៕ ដោយ៖ ហួន ឌីណា

ads banner