មន្រ្តីនាំពាក្យរដ្ឋាភិបាល ស្នើឱ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពបំពាន សិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬបណ្តាញសង្គមតទៅទៀត
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានស្នើឱ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពបំពានសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬបណ្តាញសង្គមតទៅទៀត ដែលក្រមសីលធម៌ ជាពិសេស បញ្ញវន្តអ្នករៀនសូត្រចេះដឹង និងអ្នកសារព័ត៌មានត្រូវដឹង។
តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៩ ខែតុលា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរថា កាលពីពេលថ្មីៗនេះ លោកបានលើកឡើងក្នុងបទសម្ភាសមួយដោយនិយាយថា នៅស្រុកគេ ពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវាយគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។
ឯកឧត្តមបានបន្តថា៖ «សារព័ត៌មានគេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើម»។

ឯកឧត្តម ប៉ែន បូណា បន្តថា ៖ «គេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។ ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរ ជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹង និងអ្នកសារព័ត៌មាន»។
ក្នុងសំណេរដដែល ឯកឧត្តម ប៉ែន បូណា បានចោទជាសំណួរថា៖« ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន?»។
បន្ថែមពីនេះ ឯកឧត្តម ប៉ែន បូណា ក៏បានស្នើឱ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត ដោយលោកថា វាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់។
ជុំវិញរឿងនេះដែរ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៩ ខែតុលា បានថ្លែងឱ្យដឹងថា នៅក្នុងអាជីពសារព័ត៌មាន ការប្រើប្រាស់រូបភាព និងអត្ថបទមិនឱ្យក្បត់គ្នាទេ ខណៈការដកស្រង់សម្រង់សម្តីប្រភព ក៏ជាចំណុចរសើបដែលត្រូវយកចិត្តទុកដាក់បំផុតដែរ។
លោកថា ចំណុចទាំងនេះ តែងតែកើតឡើងជារើយៗ ដែលទាមទារឱ្យមានការពង្រឹងបន្ថែមលើវិជ្ជាជីវៈសារព័ត៌មាន។
លោកពុយ គា បានប្រាប់ថា ៖ «អញ្ចឹងហើយបានគេជជែកក្រមសីលធម៌កន្លែងនេះ តើយើងអ្នកសារព័ត៌មាន គួរដាក់រូបភាពបែបនេះ ឬមិនដាក់ដែរទេ? បើនិយាយដល់អាជីពព័ត៌មានវិញ គឺមិនផ្សាយរូបភាពសាហាវអញ្ចឹងទេ ។គឺគេត្រូវបិទបាំង (ដាក់ព្រាលៗ) ដើម្បីបញ្ចៀសផលប៉ះពាល់រយៈពេលវែងដល់អារម្មណ៍សង្គមទូទៅ ពិសេសកុំឱ្យប៉ះពាល់ដល់ចិត្តសាស្រ្តរបស់បុគ្គល និងក្រុមគ្រួសារបុគ្គលនោះផ្ទាល់»។
ពាក់ព័ន្ធនឹងរូបហិង្សានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៧ ខែតុលា ក៏បានអំពាវនាវទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មានបញ្ឈប់ចែកចាយរូបភាព វីដេអូអំពើហិង្សា ឬឃាតកម្ម តាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗទៀត ដើម្បីកុំឱ្យប៉ះពាល់ផ្លូវចិត្តរបស់គ្រួសារអ្នករងគ្រោះ។
ដោយឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចែកចាយផ្សាយរាល់រូបភាពរបស់ជនរងគ្រោះបែបនេះគឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ខណៈលោកក៏សូមអ្នកសារព័ត៌មាន គោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សាជាដើម៕ ដោយ៖ បូរ ពេជ្រហ្សាលីន