អ៊ីរ៉ង់បដិសេធជួយដល់ក្រុមហាម៉ាស់ រៀបចំផែនការវាយប្រហារអ៊ីស្រាអែល
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់ថា ខ្លួនបានជួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ក្នុងការរៀបចំផែនការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍ទី៧ ខែតុលា ឆ្នាំ២០២៣។
បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ការសម្រេចចិត្តដែលធ្វើឡើងដោយការតស៊ូរបស់ប៉ាឡេស្ទីន គឺមានស្វ័យភាពយ៉ាងខ្លាំងក្លា និងស្របទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន។ ដូច្នេះអ៊ីរ៉ង់មិនពាក់ព័ន្ធនឹងការឆ្លើយតបរបស់ប៉ាឡេស្ទីនទេ។
ការអះអាងរបស់ប្រេសិតពិសេសអ៊ីរ៉ង់ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីកាសែត Wall Street Journal នៅថ្ងៃទី៨ ខែតុលានេះ បានដកស្រង់ប្រភពជាច្រើន រួមទាំងសមាជិកមិនបញ្ចេញឈ្មោះនៃក្រុមសកម្មប្រយុទ្ធហាម៉ាស់ និង ហេសបូឡា ដោយបានចុះផ្សាយថា មន្ត្រីមកពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានជួយរៀបចំផែនការវាយប្រហារលើអ៊ីស្រាអែលតាំងពីខែសីហាមកម្ល៉េះ។
ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បាននិយាយថា សេតវិមានពុំទាន់រកឃើញភស្តុតាង ដែលអាចបញ្ជាក់បានថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធក្នុងជម្លោះនេះក៏ដោយ ក៏មន្ត្រីអ៊ីស្រាអែល និងអាមេរិកមួយចំនួនបានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា បានឃុបឃិតជាមួយក្រុមហាម៉ាស់៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា


