ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា អបអរសាទរទិវាប្រៃសណីយ៍ពិភពលោកខួបលើកទី១៤៩

(ភ្នំពេញ)៖ ដើម្បីរំលឹកខួបទី ១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU)នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ នៅទីក្រុងប៊ន ប្រទេសស្វីស និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សេវាប្រៃសណីយ៍ចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គមនៅទូទាំងពិភពលោក និងដាក់ចេញនូវប្រធានបទសំខាន់ៗផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំ២០២៣នេះ សហភាពប្រៃសណីយ៍សកល បានដាក់ចេញនូវប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Post)» អត្ថន័យនៃប្រធានបទនេះ សហភាព UPU បានជំរុញឱ្យប្រទេសសមាជិកទាំង១៩២ប្រទេស រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាបណ្តាញប្រៃសណីយ៍ពិភពលោកតែមួយដើម្បីបង្កើនភាពជឿទុកចិត្តជូនអតិថិជន ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំពិធីបើកក្បួនដង្ហែរអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក នៅទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ឯកឧត្តម ឯក វណ្ណឌី បានមានប្រសាសន៍ថា ឆ្នាំនេះយើងបានជ្រើសរើសខេត្តសៀមរាប ជាទីតាំងរៀបចំពីធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក។ ខេត្តសៀមរាបជាខេត្តមួយដែលសំបូរទៅដោយប្រាសាទបុរាណជាច្រើន ជាពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ និងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាព្រមទាំងសម្បូរដោយទីកន្លែងកំសាន្ត ជាមួយសណ្ឋាគារ ទំនើប ភោជនីយ ដ្ឋាន ហាងលក់ទំនិញដែលបម្រើឱ្យវិស័យទេសចរណ៍។

ឯកឧត្តម បន្ថែមថា គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ត្រូវបានកសាងឡើង និងអនុម័តដោយ រាជ រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដែលជាតម្រូវការទាំងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច និងស្របទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ ប្រៃសណីយ៍ អន្តរជាតិសំដៅពង្រីកវិសាល ភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត បានជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ វិស័យប្រៃសណីយ៍ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញនូវអនុសាសន៍គន្លឹះដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី ៣ចំណុច គឺ ទី១ ៖ រដ្ឋាភិបាលឌីជីថល ទី២ ៖ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងទី៣៖ ប្រជាជនឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ដើម្បីអនុវត្តអនុសាសន៍គន្លឹះដ៏ខ្ពង់ខ្ពស់នេះ វិស័យប្រៃសណីយ៍ ត្រូវរៀបចំប្រព័ន្ធអេកូឡូហ្សីប្រៃសណីយ៍ឌីជីថលតាមរយៈការបង្កើតថ្នាលប្រៃសណីយ៍ឌីជីថល ដើម្បីគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ តាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ចំណុចនេះ ក៏មានការចង្អុលបង្ហាញនៅក្នុងខ្លឹមសារគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ របស់យើងផងដែរ ។

គួរបញ្ជាក់ថា តាមការរៀបចំក្បួនដង្ហែរនេះ ពិតជាបានបង្ហាញ ដល់មហាជនឱ្យយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់អំពីសេវា ប្រៃសណី យ៍ ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកបម្រើប្រជាជន សេដ្ឋកិច្ចសង្គមនៅទូទាំងពិភពលោក។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តប្រារព្ធពិធីនេះ ជារៀង រាល់ឆ្នាំក្នុងនាមប្រទេសកម្ពុជា ជាប្រទេសសមាជិកសហភាព ប្រៃសណីយ៍សកល ៕

ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner