លោក ដូណាល់ ត្រាំ៖ ក្រុមហាម៉ាស់នឹងមិនវាយប្រហារអ៊ីស្រាអែលឡើយ ប្រសិនបើគាត់ជាប្រធានាធិបតីអាមេរិក
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា អំពើឃោរឃៅដែលយើងកំពុងធ្វើជាសាក្សីនៅក្នុងប្រទេសអ៊ីស្រាអែល នឹងមិនកើតឡើងឡើយ បើសិនលោកជាប្រធានាធិបតីអាមេរិក ហើយបានចោទប្រកាន់លោក ចូ បៃដិន ថា “ក្បត់អ៊ីស្រាអែល”។
លោក ដូណាល់ ត្រាំ នៅក្នុងសន្ទរកថាអំឡុងយុទ្ធនាការប្រធានាធិបតីនៅឯទីក្រុង New Hampshire បាននិយាយយ៉ាងដូច្នេះថា នៅពេលខ្ញុំជាប្រធានាធិបតីរបស់អ្នក… យើងមានសន្តិភាពដ៏រឹងមាំ។ ហើយឥឡូវនេះយើងមានភាពទន់ខ្សោយ ទើបកើតមានជម្លោះ និងភាពវឹកវរ។

លោកថា អំពើឃោរឃៅដែលយើងកំពុងធ្វើជាសាក្សីនៅក្នុងប្រទេសអ៊ីស្រាអែល នឹងមិនកើតឡើងទេ បើសិនខ្ញុំជាប្រធានាធិបតី… វាមិនដែលកើតឡើងនោះឡើយ។ នាឱកាសនោះដែរ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បានចោទប្រកាន់ថា លោក ចូ បៃដិន បានក្បត់អ៊ីស្រាអែល។

តើអ្នកដឹងទេ.. នៅពេលដែលខ្ញុំឃើញលោកនាយករដ្ឋអ៊ីស្រាអែល ណឺតាន់យ៉ាហ៊ូ ព្យាយាមនិយាយប្រាប់ឱ្យពួកគេ (រដ្ឋបាលលោក បៃដិន) ធ្វើអ្វីមួយ… ពួកគេមិនដែលធ្វើវាទេ… វាជាបញ្ហាពិតប្រាកដ។
លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា តិចជាង ៤ឆ្នាំមុន យើងមានសន្តិភាពនៅមជ្ឈិមបូព៌ាជាមួយនឹងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។ ប៉ុន្តែថ្ងៃនេះ យើងមានសង្រ្គាមនៅក្នុងប្រទេសអ៊ីស្រាអែល ហើយវានឹងរីករាលដាលយ៉ាងឆាប់រហ័ស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា