នាយក​រដ្ឋមន្ត្រី​ថៃ ធ្វើ​ទស្សនកិច្ចនៅ​ហុងកុង និងប្រទេសសមាជិកអាស៊ាន ដើម្បី​ទាក់ទាញ​ការ​វិនិយោគ

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង និ​ងបណ្ដាប្រទេសសមាជិកសំខាន់ៗនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន។​ មេដឹកនាំថៃថ្មីរូបនេះ បា​ននិងកំពុងព្យាយាមយ៉ាងសស្រោកសស្រាំក្នុងការជំរុញឱ្យមានការទាក់ទាញវិនិយោគិនចូលប្រទេសថៃ។​

ដំណើរទស្សនកិច្ចរបស់លោកមានរយៈពេលប្រាំថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅទីក្រុងហុងកុង ហើយនឹងបន្តដំ​ណើរទៅកាន់ប្រទេសព្រុយណេ ម៉ាឡេស៊ី និងសិង្ហបុរីផងដែរ ។នេះបើយោងតាមក្រសួងការបរទេសថៃ ។លើសពីនេះ មន្ត្រីម្នាក់បានបញ្ជាក់ថា ផែនការនៃដំណើរទស្សនកិច្ចនេះនឹងមិនត្រូវបានផ្លាស់ប្តូរដោយសារជម្លោះនៅប្រទេសអ៊ីស្រា​អែលនោះទេ បើទោះបីជាមានជនជាតិថៃរាប់សិបនាក់ត្រូវបានស្លាប់ រងរបួស ឬត្រូវបានចាប់ខ្លួនក៏ដោយ។​

ការទាក់ទាញការវិនិយោគកាន់តែច្រើនពីតំបន់អាស៊ី និងអន្តរជាតិជារួម គឺមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសថៃ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសមួយនេះកំពុងងើបឡើងវិញបន្តិចម្ដងៗ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានបញ្ចប់ទៅ។ ប្រទេសនេះមានកំណើនសេដ្ឋកិច្ចត្រឹមតែ ១,៨ភាគរយ ប៉ុណ្ណោះនៅក្នុងត្រីមាសទី២ដែលបានបិទបញ្ចប់ក្នុងខែមិថុនានេះ ពោលគឺទាបជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចជាច្រើន។​

នៅ​ថ្ងៃ​ចន្ទម្សិលមិញ លោកនាយក​រដ្ឋមន្ត្រីថៃបាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ទីក្រុងហុងកុង ​លោក ចន លី (John Lee) ​ដើម្បី​ពិភាក្សា​អំពីសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។​ គួរដឹងដែរថា ទីក្រុងហុងកុងនេះគឺជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសថ្មីៗជាច្រើនចូលទៅក្នុងប្រទេសថៃ ។​

អ្នកនាំពាក្យរដ្ឋាភិបាលលោក ឆៃ វ៉ាឆារ៉ង (Chai Watcharong) បានប្រាប់អ្នកសារព័ត៌មានថា ៖ «ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណងជូនដំណឹងដល់អ្នកវិនិយោគហុងកុងថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វា​គ​មន៍ពួកគេ ហើយនាយករដ្ឋមន្ត្រីនឹងនៅទីនេះដើម្បីស្តាប់ការផ្ដល់យោបល់របស់ពួកគេ ដើម្បីរៀបចំវិធានការជួយសម្រួ​ល និងគាំទ្រទៅដល់ពួកគេ»។

លោក ឆៃ បានបន្ថែមថា លោក សេដ្ឋា ក៏គ្រោងនឹងជួបជាមួយបណ្ដានាយកប្រតិបត្តិក្រុមហ៊ុននៅទីក្រុងហុងកុងជាច្រើ​នរូបទៀត ដើម្បីលើកកម្ពស់ឱកាសវិនិយោគនៅក្នុងប្រទេសថៃ។​

លើសពីនេះទៀត នៅថ្ងៃអង្គារនេះវិញ លោក សេដ្ឋា នឹងចូលជួបស្ដេច​ស៊ុលតង់​ប្រ៊ុយណេ ព្រះនាម ហាស្សាណាល់ បូលគៀ (Hassanal Bolkiah) ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។​

ដំណើរ​ទស្សនកិច្ច​បន្ទាប់របស់​លោក សេដ្ឋា គឺ​ដំណើរ​ទស្សនកិច្ច​ទៅជួបលោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ថ្ងៃ​ពុធ។ សម្រាប់របៀបវារៈវិញ មេដឹកនាំទាំងពីរនឹង​ពិភាក្សា​អំពី​ពាណិជ្ជកម្ម ការ​វិនិយោគ សន្តិសុខ និង​ការ​អភិវឌ្ឍ​តាម​តំបន់ព្រំដែន។ ម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤របស់ប្រទេសថៃក្នុងឆ្នាំ២០២២ និងធំបំផុតរបស់ថៃក្នុងក្របខ័ណ្ឌអាស៊ាន។ ក្នុងឆ្នាំ២០២២ដដែល ម៉ាឡេស៊ី​ក៏​ជាប្រទេសដែលមាន​វិនិយោគិនចូលទៅវិនិយោគនៅក្នុងប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ​២ ក្នុងអាស៊ាន​ផងដែរ។​

ទិសដៅ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ លោក​ សេដ្ឋា ​នឹង​ទៅ​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួបជាមួយ​លោក​នាយក​រដ្ឋមន្ត្រី លី សៀន លូង (Lee Hsien Loong)។ សិង្ហបុរីជាប្រទេសដែលមានអ្នកវិនិយោគច្រើនជាងគេប​ង្អ​ស់នៅប្រទេសថៃ បើធៀងនឹងបណ្ដាប្រទេសក្នុងអាស៊ាន ហើយក្រុមមន្ត្រីនៅទីក្រុងបាងកកសង្ឃឹមថា ប្រទេសសិង្ហបុរីនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងបច្ចេកវិទ្យា ៤.០ ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Nikkei Asia Thai PM Srettha visits ASEAN neighbors to lure investment

ads banner