មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ កម្ពុជារំពឹងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេសជាមួយនឹង ចិន សិង្ហបុរី និងឥណ្ឌានៅឆ្នាំនេះ
ភ្នំពេញ៖ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា( NBC) លោកជំទាវ ជា សិរី បានថ្លែងថា នៅក្នុងឆ្នាំ២០២៣ នេះ ធនាគារជាតិនៃកម្ពុជា រំពឹងថា នឹងអាចភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសនេះជាមួយ ប្រទេសចិន សិង្ហបុរី និងឥណ្ឌាបន្ថែមទៀត ខណៈដែលកម្ពុជាបានអនុវត្តការទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៣រួចមកហើយ។
លោកជំទាវអគ្គទេសាភិបាល បានថ្លែងបែបនេះ នៅក្នុងពេលដែលលោកជំទាវអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុននេះ។
ថ្លែងទៅកាន់ចូលរួមលោកជំទាវបានកត់សម្គាល់ឃើញថា ការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ តួយ៉ាងបច្ចុប្បន្នកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងតាមរយៈប្រព័ន្ធបាគងជាមួយប្រទេសថៃ ឡាវ និងវៀតណាម រួចមកហើយ។
លោកជំទាវបញ្ជាក់ថា ៖ «នៅយុគសម័យសកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ បានបោះជំហានយ៉ាងលឿន បានក្លាយជាកាតាលីករជំរុញការគ្របដណ្ដប់ និងការតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក» ។ទន្ទឹមនឹងនេះប្រព័ន្ធបាគង ក៏ត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំបន់ផងដែរ ដោយបច្ចុប្បន្នមានការទូទាត់ឆ្លងព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាម ហើយកំពុងបន្តភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូដទៃទៀត ដើម្បីសម្រួលដល់ពលករក្រៅប្រទេស អាចផ្ញើប្រាក់មកក្រុមគ្រួសារដោយតម្លៃសេវាទាប ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។
«បច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេស, ការផ្ទេរប្រាក់ឆ្លងដែនកាន់តែរហ័សជាងមុន កម្រៃសេវាទាប និងប្រកបដោយតម្លាភាព ជាពិសេសដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស។ សម្រាប់ឆ្នាំនេះ យើងនឹងមានប្រទេសចិន សិង្ហបុរី និងឥណ្ឌា ដោយធនាគារជាតិនៃកម្ម សង្ឃឹមថា យើងនឹងអាចធ្វើសន្ធានកម្មរួចរាល់នៅក្នុងឆ្នាំ២០២៣នេះផងដែរ»។ លោកជំទាវ ជា សិរី បញ្ជាក់បន្ថែម។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា យល់ឃើញថា ការពង្រីកវិសាលភាពទូទាត់ប្រាក់ឆ្លងដែន ជាមួយបណ្តាប្រទេសនានាលើសកលលោកនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសដែលមានសហប្រតិបត្តិការជាមួយគ្នា ដោយកន្លងទៅកម្ពុជាបានធ្វើជាមួយ ថៃ ឡាវ និងវៀតណាមរួចហើយ។

លោកបានបញ្ជាក់ថា ៖ «អេស៊ីលីដា ត្រូវបានរើសដោយធនាគារជាតិ សម្រាប់ដៃគូសហប្រតិបត្តិការក្នុងការទូទាត់ឆ្លងដែនជាមួយប្រទេសឥណ្ឌា ជាមួយស្ថាប័នមួយដែលមានឈ្មោះថា NPCI international payment (NIPL) របស់ប្រទេសឥណ្ឌាតាំងពីខែឧសភា មកម្ល៉េះ។ វាជាមោទនភាពជាតិមួយ ដែលរូបិយបណ្ណរបស់យើងអាចទៅទូទាត់នៅប្រទេសផ្សេង ដែលជាដៃគូរសហប្រតិបត្តិការរបស់យើង»។
បើតាមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានបង្កើតឡើងនូវប្រព័ន្ធទូទាត់បាគង ដើម្បីផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់អាចទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុបានភ្លាមៗ តាមរយៈការស្កេន QR Code បានយ៉ាងងាយស្រួល។
សូមបញ្ជាក់ថា តាមការអះអាងរបស់លោកជំទាវ ជា សិរី បច្ចុប្បន្ននេះ ប្រព័ន្ធបាគង បានបើកលទ្ធភាពដល់អ្នកប្រើប្រាស់ដល់ជាង១០លាននាក់ ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៣ ចំនួនប្រតិបត្ដិការក្នុងរប្រព័ន្ធបាគង មានជាង៣៥លាន៤សែនប្រតិបត្តិការ និងទំហំទឹកប្រាក់ប្រតិបត្ដិការសរុបមានចំនួនជាង១២ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP) ខណៈទំហំប្រាក់ប្រតិបត្ដិការទូទាត់ឌីជីថលសរុបស្មើនឹង៨៩២ភាគរយ នៃ GDP ក្នុងរយៈពេលដូចគ្នា៕ ដោយ៖វណ្ណ សុជាតា