ចិន​​ជំរុញ​​​ឱ្យ​​​ហ្វីលីពីន​ ​បញ្ចប់​​ការ​​បង្ក​ហេតុ​​នៅ​​សមុទ្រ​​ចិន​​ខាង​ត្បូង​

ប៉េកាំង៖ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ហ្វីលីពីន​ប្រឆាំង​នឹង​ «​ការ​បង្ក​ហេតុ​»​ ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​និ​យាយ​ថា​ ទង្វើ​បែប​នេះ​បាន​រំលោភ​លើ​​អធិបតេយ្យភាព​ទឹក​ដី​របស់​ចិន ​បំពាន​ច្បាប់​អន្តរជាតិ​ និង​រំខាន​ដ​ល់​​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ក្រសួង​ការ​បរទេស​ចិន​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ ដែនដី​ហ្វីលីពីន​ត្រូវ​បាន​កំ​ណត់​​ដោយ​សន្ធិ​សញ្ញា​អន្តរជាតិ​ជា​បន្ត​បន្ទាប់​ ហើយ​កោះ​​ប៉ប្រះ​ទឹក​ Renai (​គេ​​​ហៅ​ជា​ទូទៅថា​​ Second Thomas Shoal) ​មិន​​មាន​ប្រវត្តិ​ជា​ទឹក​ដី​របស់​​ប្រទេស​នេះ​ឡើយ​។  ​

ក្រសួង​ការ​បរទេស​ចិន​​និយាយ​ថា ​៖ «​ហ្វីលីពីន​មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ទាល់​តែ​សោះ​ដើម្បី​ទាម​ទារ​អធិ​បតេ​យ្យភាព​លើកោះ​​ប៉ប្រះ​ទឹក​Renai ​​ក្រោម​ហេតុ​ផល​ថា ​កោះ​នេះ​នៅ​ជិត​នឹង​ទឹក​ដី​ហ្វីលីពីន​»​។ កោះ​ Second Thomas Shoal ដែល​ហ្វីលីពីន​ហៅ​ Ayungin Shoa ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១៩០ គីឡូម៉ែ​ត្រ​​ពី​កោះ​ប៉ាឡាវ៉ាន​របស់​ហ្វីលីពីន​។

ក្រសួង​បាន​បន្ថែម​ថា​ ហ្វីលីពីន​ត្រូវ​តែ​បញ្ឈប់​ «​ការ​បង្ក​ហេតុ​»​ និង​«​ការ​បង្កើត​បញ្ហា​»​ នៅ​សមុទ្រ​ចិន​ខាង​ត្បូ​ង​ ហើយ​ចិន​​នឹង​​បន្ត​​ធ្វើ​​​អ្វី​​ដែល​​ចាំ​បាច់​​ ដើម្បី​​ការពារ​​យ៉ាង​​ម៉ឺង​ម៉ាត់​​នូវ​​អធិបតេយ្យភាព​​ទឹក​ដី ​និង​​សិទ្ធិ​ និង​​ផ​​ល​ប្រយោជន៍​​ដែន​សមុទ្រ​របស់​ខ្លួន​។

ប្រតិកម្ម​របស់​ចិន​នា​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​ហ្វីលីពីន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ បាន​នឹង​កំពុង​បញ្ជូ​ន​គ្រឿង​ផ្គត់​ផ្គង់​ផ្សេង​ៗ​រួម​មាន​ស្បៀង​អាហារ​ ​ដល់​កង​ទ័ព​របស់​ខ្លួន​​នៅ​បន្ទាយ​​នៃ​កោះ​​ Second Thomas Shoal ​ដែល​ជំរុញ​ឱ្យ​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ដាក់​ពង្រាយ​នាវា​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​រារាំង​បេសកកម្ម​ផ្គត់​ផ្គង់​នោះ​។

​គួរ​បញ្ជាក់​ថា​ ចិន​ទាមទារ​អធិបតេយ្យភា​ព​​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​មូល​ ដែល​កាត់​ចូល​ទៅ​ក្នុង​តំប​ន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​ប្រ៊ុយណេ ​និង​ឥណ្ឌូនេស៊ី​ ដែល​បង្ក​ជា​ភាព​ចម្រូង​ចម្រាស់​ជាមួយ​ប្រទេស​ទាំង​នេះ​។​ តុលាការ​​​ក្រុង​ឡាអេ​ក្នុង​ឆ្នាំ​ ២០១៦​ ​បាន​និយាយ​ថា​ ការ​ទាម​ទារ​របស់​ចិន​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ ហើយ​ចាត់​ទុក​វា​ជា​មោឃៈ​ ប៉ុន្តែ​ចិន​ច្រាន​ចោល​ការ​សម្រេច​នេះ​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ China urges Philippines to end ‘provocations’ in South China Sea  

ads banner