មនុស្សស្លាប់២០នាក់ និងរបួសជាច្រើននាក់ ដោយសារព្យុះរន្ទះវាយប្រហារប្រទេសឥណ្ឌា
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌា៖ រន្ទះបាញ់ជាមួយនឹងព្យុះផ្គររន្ទះ ព្រមទាំងភ្លៀងធ្លាក់ខ្លាំងផងនោះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់២០នាក់ នៅប្រទេសឥណ្ឌាភាគខាងកើត នេះបើតាមក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។
បើតាមក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា ជនរងគ្រោះទាំងនេះ បានបាត់បង់ជីវិតកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយនាំឱ្យមានចំនួនអ្នកស្លាប់ដោយសាររន្ទះបាញ់ និងទឹកជំនន់នៅរដ្ឋ ប៊ីហា បានកើនឡើងជាង១០០នាក់ ចាប់តាំងពីភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីខែមិថុនាមកនោះ។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មនុស្ស៣៣នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅរដ្ឋ អ៊ុតតា ប្រាដែស ភាគខាងជើងនៃប្រទេសឥណ្ឌា ស្របពេលដែលមនុស្សរាប់លាននាក់ បានទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខណៈលំនៅដ្ឋាន និងផលដំណាំជាច្រើនរបស់ពួកគេ ត្រូវបានបំផ្លាញដោយទឹកជំនន់នៅរ ដ្ឋប៊ីហា និងរដ្ឋ អាសាម៕ធ.ដ