លោក បៃដិន៖ ការចូលកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា នឹងក្លាយជាកំហុសដ៏ធំបំផុត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា រាល់សកម្មភាពរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ” ខណៈដែលកងទ័ពអ៊ីស្រាអែលប្រុងជើងការវាយលុកផ្លូវគោក។
នៅក្នុងកម្មវិធី CBS 60 Minutes ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែតុលានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានសាកសួរថាតើគាត់នឹងគាំទ្រការកាន់កាប់តំបន់ហ្គាហ្សាដោយអ៊ីស្រាអែលដែរឬទេ? លោក បៃដិន បានឆ្លើយតបថា ខ្ញុំគិតថា វាជាកំហុសដ៏ធំមួយ។
លោក បៃដិន បន្តថា ក្រុមហាម៉ាស់មិនមែនតំណាងឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់នោះទេ និងថា ការលុកលុយ និង កម្ចាត់ពួកជ្រុលនិយម គឺជាតម្រូវការចាំបាច់។ នៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីន ២,៣២៩នាក់ត្រូវបានសម្លាប់ និង ៩,៧១៤នាក់រងរបួស ខណៈដែលនៅតំបន់ West Bank មានអ្នកស្លាប់ចំនួន ៥៤នាក់ និង ១,១០០នាក់រងរបួស ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។
ជាមួយគ្នានេះ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បាននិងកំពុងភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ដើម្បីគេចចេញពីការត្រៀមវាយប្រហារតាមផ្លូវគោករបស់អ៊ីស្រាលដែលប្តេជ្ញាថា នឹងលុបបំបាត់ក្រុមហាម៉ាស់ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះមកលើអ៊ីស្រាអែល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



