សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅប្រទេសចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។ មូលបទន នៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម» ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន ។

នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី “សេដ្ឋកិច្ចឌីជីថលជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតីនឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ។

ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវប្រកបដោយ គុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងអន្តរជាតិ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner