សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិជាន់ខ្ពស់ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង
ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ មូលបទនៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។
ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា នៅក្នុងដំណើរចូលរួមនៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣នេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមានកម្មវិធីសំខាន់ៗមួយចំនួនដូចជា អញ្ជើញចូលរួមពិធីបើកវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងវេទិកាកម្រិតខ្ពស់ក្រោមមូលបទ «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្ដេចធិបតីនឹងជួបពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ប្រធានាធិបតីចិន, ជំនួបទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន, ជំនួបជាមួយឯកឧត្តម ឆាយ លី សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យទូទៅនៃគណៈកម្មការបក្សកុម្មុយនីស្តចិនផងដែរ។
ឯកឧត្តម មាស សុភ័ណ្ឌ បន្តថា សម្តេចធិបតីក៏នឹងមានជំនួបសម្តែងការគួរសមជាមួយឯកឧត្តម វរ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម, ជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវផងដែរ។ ក្រៅពីកម្មវិធីនេះ សម្តេចធិបតីក៏នឹងមានកម្មវិធីជំនួបសម្តែងការគួរសមជាបន្តបន្ទាប់របស់ក្រុមហ៊ុនវិនិយោគមួយចំនួន និងកម្មវិធីផ្សេងៗមួយចំនួនទៀតផងដែរ។
បន្ទាប់ពីចប់កម្មវិធីនៅសាធារណរដ្ឋប្រជាមានិតចិន និងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបន្តដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅទីក្រុងរីយាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ផងដែរ។
គួរបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត



