មនុស្សរាប់ពាន់នាក់នៅបារាំង គោរពវិញ្ញាណក្ខន្ធគ្រូបង្រៀនដែលត្រូវបានសម្លាប់ក្នុងអំពើភេរវកម្ម
ប៉ារីស៖ ពិធីគោរពវិញ្ញាណក្ខន្ធគ្រូបង្រៀនទូទាំងប្រទេសបារាំង ត្រូវបានធ្វើឡើងមួយថ្ងៃមុនពេលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងអារ៉ាស់ ភាគឦសានប្រទេសបារាំង ប្រមូលផ្តុំគ្នាដើម្បីគោរពដល់វិញ្ញាណក្ខន្ធលោកគ្រូ Dominique Bernard អាយុ ៥៧ឆ្នាំ។
នៅតាមសាលារៀនទូទាំងប្រទេសបារាំង នៅថ្ងៃចន្ទទី១៦ ខែតុលានេះ បានរក្សាភាពស្ងៀមស្ងាត់មួយនាទី ដើម្បីគោរពដល់វិញ្ញាណក្ខន្ធគ្រូបង្រៀនដែលត្រូវបានឃាតករចាក់សម្លាប់ នៅក្នុងអ្វីដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ហៅថា ជាទង្វើរបស់ “ពួកភេរវករអ៊ីស្លាម”។
ជនសង្ស័យជាជនជាតិរុស្ស៊ី អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទមនុស្សឃាត និងធ្វើឱ្យមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ នៅឯសាលាដែលខ្លួនធ្លាប់ចូលរៀន។ ការវាយប្រហារនេះបានកើតឡើងជិត ៣ឆ្នាំ ពោលគឺមួយថ្ងៃបន្ទាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានការកាត់ក្បាលគ្រូបង្រៀន Samuel Paty នៅជិតសាលារៀនរបស់គាត់នៅជាយក្រុងប៉ារីស។
ដោយឡែក ពាក់ព័ន្ធនឹងអំពើឃាតកម្មលើគ្រូបង្រៀននាពេលថ្មីៗនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេសបារាំង និងនាំឱ្យមានការអំពាវនាវឱ្យមានការរឹតបន្តឹងសន្តិសុខនៅតាមបណ្តាសាលារៀននានា។ រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Gabriel Attal បានប្រាប់ទូរទស្សន៍ TF1 នៅថ្ងៃអាទិត្យទី១៥ ខែតុលានេះថា អាជ្ញាធរក្នុងតំបន់នឹងជួបប្រជុំគ្នានៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការរៀបចំសន្តិសុខនៅតាមបណ្តាសាលារៀន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


