ថវិកាធានារ៉ាប់រងសង្គមជាង ១១០លានរៀល ត្រូវបានប្រគល់ជូន គ្រួសារអតីតយុទ្ធជន ១៤គ្រួសារ
(កំពង់ធំ)៖ ថវិកាធានារ៉ាប់រងសង្គម ចំនួនជាង ១១០.៧៤៦.៦៨០រៀល ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនពលីចំនួន ១៤គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។

លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ធំ បានមានមតិសំណេះសំណាល និងបានណែនាំមួយចំនួន ដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងការប្រើប្រាស់ថវិកា ដើម្បីបង្កើតជាមុខរបរ ចិញ្ចឹមជីវិត និងក្រុមគ្រួសារក្នុងការកសាងជីវភាពថ្មី ឲ្យទទួលបាននូវការរីកចម្រើនរុងរឿង និងសុភមង្គល ក្នុងក្រុមគ្រួសារនីមួយៗ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសុខទុក្ខបងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេស ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅពេលនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់គ្រួសារសពអតីតយុទ្ធជន ត្រូវខិតខំប្រកបមុខរបរចិញ្ចឹមជីវិត ដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់ ៕



ដោយ ប៊ុន រដ្ឋា