រុស្ស៊ីចូលរួមជាមួយចិនក្នុងការផ្អាកការនាំចូលអាហារសមុទ្រពីជប៉ុន
មូស្គូ៖ អង្គភាពឃ្លាំមើលវិស័យកសិកម្មរុស្ស៊ីឈ្មោះថា រ៉ូសេខូស្សណាដហ្សូ (Rosselkhoznadzor) បានលើកឡើងកាលពីថ្ងៃទី១៦ ខែតុលាថា ប្រទេសរុស្ស៊ីបានចូលរួមជាមួយប្រទេសចិនក្នុងការរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ដោយសារតែជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។
ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានបន្សុទ្ធចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima) នេះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហាកន្លងទៅ។ការបញ្ចេញទឹកវិទ្យុសកម្មនេះ ទីក្រុងតូក្យូបានអះអាងថា វាមានសុវត្ថិភាពប៉ុន្តែប្រទេសចិនបានរិះគន់ថាជារឿងដែលមានផលប៉ះពាល់ដល់ភាវៈរស់ដែលមាននៅក្នុងសមុទ្រ។ បច្ចុប្បន្ននេះ ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន។
ប្រទេសរុស្ស៊ីក៏ដូចគ្នាផងដែរដោយបានប្រកាសថា រុស្ស៊ីនឹងធ្វើការរឹតបន្តឹងដោយវិធានការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងនៅតែបន្តអនុវត្តវិធានការនេះរហូតដល់មានព័ត៌មានបង្ហាញជាក់លាក់ថា អាហារសមុទ្រទាំងអស់នោះមានសុវត្ថិភាពសម្រាប់ការបរិភោគ។
ជាការឆ្លើយតប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុនបានលើកឡើងកាលពីថ្ងៃចន្ទដដែលថា ការរឹតបន្តឹងរបស់រុស្ស៊ីគ្មានមូលដ្ឋានវិទ្យាសាស្ត្រនោះទេ ហើយជារឿងដែលមិនយុត្តិធម៌សោះឡើយ និងគួរឱ្យសោកស្ដាយខ្លាំងណាស់។ ជប៉ុនក៏បានអំពាវនាវឱ្យរុស្ស៊ីលុបចោលវិធានការរឹតបន្តឹងនេះវិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ។
នៅថ្ងៃទី១៦ ដដែលនោះ ក្រសួងការបរទេសជប៉ុន បានលើកឡើងថា ពួកគេបានផ្តល់ព័ត៌មានដល់រុស្ស៊ីបន្ថែមអំពីបញ្ហានេះហើយគិតត្រឹមថ្ងៃទី១៥ ខែតុលា បន្ទាប់ពីបានពិភាក្សាតាមអ៊ីនធឺណិតរវាងស្ថាប័នរដ្ឋពាក់ព័ន្ធកាលពីថ្ងៃទី១០ ខែតុលា មុនពេលដែលរុស្ស៊ីបានប្រកាសអំពីវិធានការរឹតបន្តឹងការនាំចូល។
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា ៖ «ប្រទេសជប៉ុននឹងបន្តផ្តល់ការពន្យល់ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្តដល់ប្រទេសរុស្ស៊ី ក្នុងលក្ខណៈតម្លាភាពខ្ពស់ និងដោយសេចក្តីស្មោះត្រង់ ខណៈដែលពេលនេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កំពុងបន្តតាមដាន និងត្រួតពិនិត្យទៅលើបញ្ហានេះ»។
កាលពីថ្ងៃទី១០ ខែតុលា ក្រសួងការបរទេសជប៉ុនបានលើកឡើងថា ភាគីជប៉ុនបានពន្យល់ដល់រុស្ស៊ីនូវវិធីសាស្ត្រត្រួតពិនិត្យរបស់ខ្លួន ចំពោះសារធាតុវិទ្យុសកម្ម រួមទាំងសារធាតុទ្រីទីយ៉ូមនៅក្នុងអាហារសមុទ្រគ្រប់ប្រភេទទាំងអស់ ជាពិសេសគឺសុវត្ថិភាពនៃផលិតផលជលផលជប៉ុនដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។
ត្រីរបស់រុស្ស៊ីភាគច្រើនបានមកពីដែនទឹកភាគខាងកើត ដែលនៅជិតប្រទេសជប៉ុន។ បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា រុស្ស៊ីបាននាំចូលត្រី និងអាហារសមុទ្រចំនួន ១១៨ តោនពីប្រទេសជប៉ុន។ នេះបើតាមរបាយការណ៍របស់អង្គភាព រ៉ូសេខូស្សណាដហ្សូ។ គួរបញ្ជាក់ថា ប្រទេសជប៉ុន ប្រទេសចិន និងកូរ៉េខាងត្បូង គឺជាទីផ្សារនាំចេញអាហារសមុទ្រដ៏សំខាន់មួយរបស់រុស្ស៊ី។
គួរដឹងដែរថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ខែតុលា មន្ទីរពិសោធន៍បរិស្ថានសមុទ្ររបស់ IAEA នឹងត្រួតពិនិត្យការបញ្ចេញទឹកហ្វ៊ូគូស៊ីម៉ានៅប្រទេសជប៉ុនម្ដងទៀត ដោយមានមន្ទីរពិសោធន៍ឯករាជ្យមកពីប្រទេសកាណាដា ចិន និងកូរ៉េខាងត្បូងចូលរួមនៅក្នុងដំណើរការត្រួតពិនិត្យផងដែរ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Russia joins China in suspending seafood imports from Japan