លោក ពូទីន៖ រុស្ស៊ីចង់ជួយបញ្ចប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់

មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានបង្ហាញពីឆន្ទៈរបស់រុស្ស៊ី ដើម្បីធ្វើការឆ្ពោះទៅបញ្ចប់ការប្រឈមមុខដាក់គ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ដូចជាការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី តាមរយៈមធ្យោបាយនយោបាយ និងការទូត។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទទី១៦ ខែតុលានេះថា រុស្ស៊ីចង់ជួយទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា នៅពេលលោកបានលូកដៃចូលទៅក្នុងវិបត្តិនៅតំបន់មជ្ឈិបូព៌ា ជាមួយនឹងការជជែកទូរស័ព្ទជាមួយមេដឹកនាំសំខាន់ៗក្នុងតំបន់។

លោក ពូទីន បានប្រាប់លោក ណឺតាន់យ៉ាហ៊ូ ពីការសន្ទនារបស់លោកជាមួយមេដឹកនាំប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី និងអាជ្ញាធរប៉ាឡេស្ទីន ហើយជាលទ្ធផលនោះ មតិជាឯកច្ឆ័ន្ទមួយបានលើកឡើងអំពីតម្រូវការសម្រាប់បទឈប់បាញ់មុនកាលកំណត់ និងការបង្កើតបទឈប់បាញ់ផ្នែកមនុស្សធម៌ ដើម្បីនាំយកជំនួយជាបន្ទាន់ទៅដល់ដៃអ្នកដែលត្រូវការជំនួយ។ បន្ថែមលើនេះ ក្រុមមេដឹកនាំក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាពនៃជម្លោះដែលកើនឡើងទៅជាសង្គ្រាមក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានបង្វែរការយកចិត្តទុកដាក់របស់ពិភពលោក មួយផ្នែកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយផ្តល់ឱ្យទីក្រុងមូស្គូនូវឱកាសមួយ ដើម្បីបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយមេដឹកនាំសំខាន់ៗទាំងអស់នៅតំបន់មជ្ឈិមបូព៌ា និងធ្វើជាតួអង្គសំខាន់ក្នុងការស្វែងរកសន្តិភាព៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner