លោកប្រធានាធិបតីចូបៃឌិននឹងទៅទស្សនកិច្ចនៅអ៊ីស្រាអែលដើម្បីពិភាក្សាអំពីការរក្សាសន្តិភាព
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធខាងមុខនេះ ដើម្បីជជែក ពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាយ៉ាហ៊ូ(Benjamin Netanyahu)។ ទស្សនកិច្ចនេះដែរ ក៏ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា អ៊ីស្រាអែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រឆាំងតបត ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
បើតាមលោក អាតូនី ប្លីនកេន(Antony Blinken) ដែលជារដ្ឋមន្ត្រីក្រសួងការបរទេអាមេរិកបានឱ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិកនឹងបញ្ជាក់ឡើងវិញនូវសាមគ្គីភាពជាមួយអ៊ីស្រាអែល ខណៈពេលដែលខ្លួនកំពុងត្រៀមសម្រាប់ការវាយលុកប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់កាហ្សា។
លោក Blinken បន្តគូសបញ្ជាក់ថា ៖ «លោក ចូ បៃឌិន នឹងទៅបញ្ជាក់ថាអ៊ីស្រាអែលមានកាតព្វកិច្ចដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស់ និងភេរវករផ្សេងទៀត ជាពិសេសដើម្បីការពារការវាយប្រហារណាមួយនាពេលអនាគត»។
លោកបន្តថា អ៊ីស្រាអែលក៏នឹងពន្យល់ដោយសង្ខេបពីគោលបំណង យុទ្ធសាស្ត្រសង្គ្រាមរបស់ខ្លួន ក៏ដូចជារបៀបដែលខ្លួននឹងធ្វើប្រតិបត្តិការក្នុងការកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល ព្រមទាំងអាចឱ្យជំនួយមនុស្សធម៌ហូរទៅកាន់ជនស៊ីវិលនៅតំបន់កាហ្សាផងដែរ ពោលគឺធ្វើយ៉ាងណាមិនផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស់នោះទេ។
បន្ថែមពីនេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានព្រមព្រៀងគ្នាក្នុងការបង្កើតផែនការមួយ ដែលអនុញ្ញាតឱ្យជំនួយសប្បុរសធម៌អាចចូលទៅដល់តំបន់កាហ្សាផងដែរ។
ទាក់ទិននឹងការនាំយកជំនួយមនុស្សធម៌នេះទៀតសោត លោក Blinken បានបន្តថា ៖ «ប្រសិនបើ ក្រុមហាម៉ាស់ប្រើប្រាស់មធ្យោបាយណាមួយដើម្បីរារាំងជំនួយមនុស្សធម៌មិនឱ្យទៅដល់ដៃជនស៊ីវិល ឬក៏រឹបអូសយកជំនួយនោះ យើងនឹងថ្កោលទោសក្រុមហាម៉ាស់មុនគេ ហើយយើងនឹងធ្វើយ៉ាងណាការពារកុំឱ្យមានករណីនេះកើតឡើង»។
យ៉ាងណាមិញ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា បន្ទាប់ពីបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលរួច លោក បៃឌិន នឹងធ្វើដំណើរទៅកាន់ប្រទេស Jordan ដើម្បីជួបជាមួយស្តេច Abdullah, ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi និងនាយករដ្ឋមន្ត្រី រដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas។
សេតវិមានក៏បាននិយាយផងដែរថា លោក បៃឌិន បានពិភាក្សាអំពីស្ថានការណ៍នានាជាមួយប្រធានាធិបតី El-Sisi និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Shia’ Al Sudani នៅក្នុងជំនួបតាមទូរសព្ទកាលពីថ្ងៃចន្ទ។
ក្នុងនោះ លោក ចូ បៃឌិន ក៏បានពិភាក្សាអំពីតម្រូវការក្នុងការរក្សាស្ថិរភាពនៅមជ្ឈិមបូព៌ាជាមួយលោក El-Sisi ខណៈពេលដែលការពិភាក្សារបស់លោកជាមួយលោក Al Sudani បានផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការពង្រីកជម្លោះនៅក្នុងតំបន់ហ្គាហ្សា។
ដោយឡែក សហរដ្ឋអាមេរិកបានប្រាប់កងទ័ពស្នូលចំនួនពីរពាន់នាក់ ឱ្យត្រៀមខ្លួនក្នុងការចុះធ្វើបេសកកម្មក្នុងរយៈពេល ២៤ ម៉ោង ប្រសិនបើមានការជូនដំណឹង៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Biden to visit Israel on Wednesday, Secretary of State Blinken says