អ្នកនាំពាក្យក្រសួងធនធាន ៖ ទឹកស្ទឹងព្រែកត្នោតមានការកើនឡើង តែនៅគ្រប់គ្រងបាន ពុំទាន់មានអ្វីជាបញ្ហាទេ
(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធាន និងឧតុនិយម កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងថា (ទឹកស្ទឹងព្រែកត្នោត ពុំទាន់មានអ្វីជាបញ្ហាទេ ) ខណៈទឹកនៅផ្នែកខាងលើ មិនមានការកើន ឡើងទេ ។
គួរបញ្ជាក់ថា ទ្វារទឹករលាំងជ្រៃ ដែលបានបើកចំនួន ៥ ទ្វារ មានធារទឹក ប្រមាណ ៣០០- ៣៥០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ក៏មិនចោទជាបញ្ហា ដល់ការដោះទឹក នៅផ្នែកខាង ក្រោមទេ។ ស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមផ្លូវជាតិលេខ ៣ មានលទ្ធភាពដោះទឹក ប្រមាណ ៩០០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ។
ស្ថានភាពទឹកនៅស្ថានីយជលសាស្ត្រពាមឃ្លៃ មានកម្ពស់ ៦,៤៥ ម៉ែត្រ ខ្ពស់ជាងពី ពេលថ្ងៃត្រង់ ០,២៣ ម៉ែត្រ កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ។
នៅទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៤៦ ម៉ែត្រ ទាបជាងកាលពីពេលព្រឹក ០,១០ ម៉ែត្រ។ បើកមួយទ្វារកម្ពស់ ២,៥០ ម៉ែត្រ ពីរទ្វារកម្ពស់ ២ ម៉ែត្រ និងពីរទ្វារកម្ពស់ ១,៥០ ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ៕




ដោយ ៖ ភារ៉ា និងប៊ុនធី