អ្នកជំនាញ គំាទ្រឱ្យមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀនជំនាញអប់រំពិសេស
ភ្នំពេញ៖អ្នកជំនាញដែលធ្វើការពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះក្រសួងអប់រំ យុវជន និងកីឡា លើការបើកសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀនជំនាញអប់រំពិសេស ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបង្រៀនសិស្សពិការភ្នែក ឬសិស្សគថ្លង់ នៅកម្ពុជាឱ្យកាន់តែមានគុណភាព។
ការលើកឡើងរបស់អ្នកជំនាញបែបនេះបានធ្វើឡើងខណៈក្រសួងអប់រំរៀបចំសិក្ខាសាលាបណ្តុះប ណ្តាលស្ដីពី «សមត្ថភាពមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនសិស្សពិការភ្នែក ឬសិស្សគថ្លង់» ដល់គ្រូបង្រៀនជំនាញអប់រំពិសេស ដែលមកពីសាលាបឋមសិក្សា និងវិទ្យាល័យអប់រំពិសេសចំនួនប្រាំមួយសរុប១៣៤នាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានសាទរចំពោះជនមានពិការភាព ពិសេសអ្នកគថ្លង់ និងពិការភ្នែក ដែលទទួលបានការជួយពីក្រសួង តាមរយៈការពង្រឹងសមត្ថភាពគ្រូបន្ថែមដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យកាន់តែមានគុណភាពថែមទៀត ខណៈលោកក៏ជំរុញឱ្យក្រសួងត្រូវពង្រីកការជួយបែបនេះ ពិសេសការជួយជ្រោមដល់គ្រូអ្នកគ្រូឱ្យកាន់តែទូលំទូលាយទៀត។

លោក គង់ សំនៀង បន្តថា ៖ «ជារឿងល្អណាស់ដែលរដ្ឋាភិបាល ធ្វើឱ្យគុណភាពអប់រំពិសេសកាន់តែល្អ តាមរយៈការបណ្តុះបណ្តាលគ្រូវ ការបំពាក់សម្ភារ និងឧបករណ៍បង្រៀនល្អៗ តាមរយៈការផ្តល់ប្រាក់បៀវត្សន៍សមរម្យដល់គ្រូ ប៉ុន្តែប្រសិនជាអាចក្រសួងគួរតែពង្រីកវិសាលភាពឱ្យបានទូលំទូលាយ ព្រោះថាការពង្រីកសាលាអប់រំពិសេសនៅរាជធានី និងតាមបណ្តាខេត្តនៅមិនទាន់រីកចំរើននៅឡើយទេ ពិសេសការអប់រំលើប្រភេទក្មេងអូទីសឹម»។
យោងតាមហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សិក្ខាសាលាបណ្តុះបណ្តាលដល់គ្រូបង្រៀនជំនាញអប់រំពិសេសនេះធ្វើឡើងក្នុងគោលបំណងដើម្បីបន្តអភិវឌ្ឍសមត្ថភាព និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការកសាងធនធានគ្រូបង្រៀនជំនាញអប់រំពិសេសសម្រាប់ជួយដល់កុមារមានតម្រូវការពិសេស។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្នគុណភាពអប់រំនៅកម្ពុជា មានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសិទ្ធិទទួលបាននូវការអប់រំសម្រាប់កុមារមានពិការភាពត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជាទំនួលខុសត្រូវរួមទាំងអស់គ្នា។
ឯកឧត្តមក៏បានអះអាងថា ៖ «រាជរដ្ឋាភិបាលកម្ពុជា តែងតែមានឆន្ទៈខ្ពស់ក្នុងការធ្វើឱ្យសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការធានាផ្តល់ការអប់រំប្រកបដោយបរិយាបន្ន សមធម៌ គុណភាព និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ព្រមទាំងធ្វើឱ្យសិទ្ធិក្លាយជាការពិតដល់កុមារមានតម្រូវការពិសេសគ្រប់រូប។ ដូច្នេះគ្រូបង្រៀនជំនាញអប់រំពិសេស ចាំបាច់ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ»។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២១ ខែតុលា ឆ្នាំ២០២៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ លោកគ្រូអ្នកគ្រូ មកពីសាលាបឋមសិក្សា និងវិទ្យាល័យអប់រំពិសេសចំនួន៦ មានដូចជា៖ វិទ្យាល័យអប់រំពិសេសច្បារអំពៅ, វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី, វិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម, វិទ្យាល័យអប់រំពិសេសខេត្តបាត់ដំបង និងវិទ្យាល័យអប់រំពិសេសខេត្តសៀមរាបក្នុងនោះសិក្ខាកាមមានពិការភាពចំនួន១៤នាក់ផងដែរ។

ខ្លឹមសារនៃសិក្ខាសាលានេះ បានរៀបចំឡើងដោយបែងចែកជាពីរធំៗ គឺ ផ្នែកគថ្លង់ និងផ្នែកពិការភ្នែក។ ផ្នែកគថ្លង់ សិក្ខាសាលាបានផ្តោតលើការយល់ដឹងវេយ្យាករណ៍ក្នុងភាសាសញ្ញាកម្ពុជា ការប្រើប្រាស់សញ្ញាក្នុងការសន្ទនា ការនិទានរឿងភាសាសញ្ញាកម្ពុជា និងពង្រឹងសមត្ថភាពបន្ថែមលើខ្លឹមសារមេរៀននានាដែលពាក់ព័ន្ធការរៀន និងបង្រៀនសិស្សគថ្លង់ ជាដើម។
ចំណែកឯផ្នែកពិការភ្នែក គឺជួយពង្រឹងបន្ថែមទៅលើអក្សរប្រៃយ៍ខ្មែរ គណិតវិទ្យាប្រៃយ៍ ការគណនាលើក្បាច់ និងមេរៀនមួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងការគាំទ្រសិស្សពិការភ្នែក ជាដើម៕

ដោយ៖បូរ ពេជ្រហ្សាលីន