លោក សេង ទៀក ចំណាយពេលជាង២៥ឆ្នាំ លើការងារអភិរក្ស ធនធានធម្មជាតិ និងសត្វផ្សោតនៅកម្ពុជា
ភ្នំពេញ៖លោក សេង ទៀក បច្ចុប្បន្នជានាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF)នៅកម្ពុជា ។លោកបានចំណាយពេលជាង ២៥ឆ្នាំមកហើយ លើការងារអភិរក្សសត្វព្រៃ ធនធានធម្មជាតិ និងបរិស្ថាន ។ក្នុងនោះដែរការងាររបស់លោកមួយចំនួនធំ ក៏ពាក់ព័ន្ធនឹងការអភិរក្សសត្វផ្សោត ដែលជាថនិកសត្វដ៏កម្រ និងជិតផុតពូជផងដែរ។
លោកបានបញ្ចប់ការសិក្សាដោយទទួលសញ្ញាប័ត្រអនុបណ្ឌិតរហូតចំនួនពីរ គឺ វិស្វកផ្នែកគ្រឿងយន្តកសិកម្មនៅប្រទេសអ៊ុយក្រែន អតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩២ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបរិស្ថានពីសកលវិទ្យាល័យ យែល(Yale) សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ ។លោកក៏បានទទួលសញ្ញាប័ត្រ Diploma ផ្នែកអ្នកគ្រប់គ្រងជាន់ខ្ពស់ពីវិទ្យាស្ថានគ្រប់គ្រងអភិវឌ្ឍន៍អន្តរជាតិ (IMD) ប្រទេសស្វីស ក្នុងឆ្នាំ២០១៤ផងដែរ។
អ្នកសារព័ត៌មានបានជួបជាមួយនឹងលោក សេង ទៀក ដើម្បីធ្វើបទសម្ភាសទាក់ទងនឹងប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិការងាររបស់លោកខ្លះៗពីជីវិតការងាររបស់លោកក្នុងរយៈពេលជាង២ទសវត្ស លើការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជានេះ។ បទសម្ភាសមានខ្លឹមសារដូចខាងក្រោម៖
សំណួរ៖តើលោកចាប់ផ្តើម ការងារពាក់ព័ន្ធជាមួយនឹងធនធានធម្មជាតិនៅកម្ពុជាពីពេលណាដែរ?

លោក សេង ទៀក៖ ខ្ញុំបានចំណាយពេលជាង ២៥ឆ្នាំ លើការងារអភិរក្សសត្វព្រៃ ធនធានធម្មជាតិ និងបរិស្ថាន ដែលដំបូងខ្ញុំបានចូលបម្រើការងារនៅក្រសួងបរិស្ថានក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតសកលអាណត្តិទី១ ឆ្នាំ១៩៩៣ រួចពេលនោះក្រសួងបរិស្ថានត្រូវបានបង្កើតឡើង ។ឆ្នាំ១៩៩៨ ខ្ញុំបានចាប់ផ្តើមបង្កើតការិយាល័យអង្គការ WWF នៅប្រទេសកម្ពុជាដែលមានតួនាទីជាអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសកម្ពុជា ។ឆ្នាំ២០០៣ ខ្ញុំបានក្លាយជានាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងបរិស្ថាននៅសហរដ្ឋអាមេរិក។ ខ្ញុំបាទមានមោទនភាពណាស់ដែលជនជាតិខ្មែរដំបូងគេបង្អស់ត្រូវបានជ្រើសរើសឱ្យកាន់តួនាទីក្នុងស្ថាប័នអង្គការអន្តរជាតិដ៏ធំមួយដែលមានឈ្មោះល្បីក្នុងពិភពលោក។
១០ ឆ្នាំក្រោយមក ក្នុងឆ្នាំ២០១២ ខ្ញុំត្រូវបានជ្រើសរើសជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្រ្វិក នៃអង្គការ WWF អូស្ត្រាលី ។ ក្នុងតំណែងជានាយកប្រចាំតំបន់ ខ្ញុំទទួលខុសត្រូវលើប្រទេសប៉ាពូញ៉ូហ្គេណេ (Papua New Guinea) និងប្រទេសសាឡាម៉ន អាឡិន (Solomon Islands)។ ពាក់កណ្តាលឆ្នាំ ២០១៣ ខ្ញុំបានមកកាន់មុខងារជានាយកកម្មវិធីអភិរក្សប្រចាំមហាអនុតំបន់មេគង្គនៃអង្គការ WWF អន្តរជាតិ ដែលមើលការខុសត្រូវ និងគ្រប់គ្រងការងារអភិរក្សក្នុងប្រាំប្រទេសរួមមាន៖ កម្ពុជា ឡាវ ថៃឡង់ មីយ៉ាម៉ា និងវៀតណាម។ ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំក៏បានមកកាន់តួនាទីជានាយកអង្គការ WWF កម្ពុជាវិញ។
ការសម្រេចត្រឡប់មកកាន់ការងារនៅថ្នាក់ប្រទេសវិញនេះ ដោយសារខ្ញុំមានបំណងចង់យកចំណេះដឹង ជំនាញនិងបទពិសោធជាច្រើនរបស់ខ្ញុំដែលមានមកបម្រើជាតិ និងចូលរួមក្នុងការថែរក្សាមរតកធម្មជាតិរបស់កម្ពុជាយើងដោយធ្វើការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ និងការសហការយ៉ាងជិតសិទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍ និងសហគមន៍មូលដ្ឋាន។
សំណួរ៖តើរយៈពេលជាង២៥ ឆ្នាំ ដែលលោកបានប្រឡូកក្នុងការងារសត្វព្រៃ និងកិច្ចការពារធនធានធម្មជាតិនេះ ទទួលបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?
លោក សេង ទៀក៖ ក្នុងអាជីពការងាររបស់ខ្ញុំជាង ២៥ ឆ្នាំកន្លងទៅនេះ ខ្ញុំបានសម្រេចលទ្ធផលសំខាន់ៗជាច្រើន មានដូចជា៖ លទ្ធផលទី១ គឺ ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានបង្កើត និងដឹកនាំអង្គការ WWF ឱ្យមានការរីកចម្រើនធំធាត់ និងធ្វើឱ្យស្ថាប័ននេះឈរជើងយ៉ាងរ៉ឹងមាំ មានទំនុកទុកចិត្តខ្ពស់លើពីដៃគូពាក់ព័ន្ធលើការងារបចេ្ចកទេស និងបានក្លាយជាដៃគូយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ មករហូតមកដល់បច្ចុប្បន្ននេះ ក្នុងបុព្វហេតុការពារធនធានធម្មជាតិរបស់កម្ពុជា។
សមិទ្ធផលសំខាន់ ទី២ គឺខ្ញុំបានចូលរួមសកម្ម និងបានជួយដល់សង្គមជាតិកម្ពុជា ជាច្រើនក្នុងនោះរួមមាន៖ ការកៀងគរថវិកា ដែលនៅឆ្នាំ១៩៩៨ ថវិកាសម្រាប់ប្រតិបត្តិអង្គការ WWF កម្ពុជាគឺមានត្រឹមតែប្រហែល ៥ ម៉ឺនដុល្លាអាមេរិក ក្នុង១ ឆ្នាំប៉ុណ្ណោះ បន្ទាប់មកចំណូលមានការកើនឡើងជាប្រចាំឆ្នាំរហូតដល់ ៧.៤ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣នេះ។ បើគិតជាមធ្យមចំណូលថវិកាប្រចាំឆ្នាំរបស់អង្គការ WWF កម្ពុជាប្រហែលពី ៤ទៅ៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដូច្នេះរយៈពេល ២៥ ឆ្នាំ កន្លងទៅនេះ ខ្ញុំបានកៀរគរថវិកាសរុបប្រហែល ១៥០លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងនៅប្រទេសកម្ពុជា។
ចំពោះការបង្កើតការងារ និងមុខរបរវិញ ខ្ញុំបានបង្កើតការងារដោយផ្ទាល់ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋកម្ពុជាជាច្រើន ។បើគិតជាមធ្យមការងារដែលផ្តល់ដោយផ្ទាល់មិនតិចជាង៥០០ការងារទេក្នុងមួយឆ្នាំៗ។ ការងារទាំងនោះរួមមាន៖ ការងារជាឧទ្យានុរក្ស សត្យានុរក្ស ឆ្មាំទន្ល ការងារក្នុងសហគមន៍ការពារតំបន់ធម្មជាតិ សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគ្រាសខ្នាតតូច និងពិសេសបុគ្គលិកទាំងអស់របស់អង្គការ WWF កម្ពុជា ជាង១០០នាក់ ផងដែរ។
ចំណែកលទ្ធផលសំខាន់ទី៣ គឺខ្ញុំបានចូលរួមបង្កើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈកម្មវិធីគម្រោងគាំទ្រការបង្កើនជីវភាពរស់នៅរបស់សហគមន៍នៅក្នុងខេត្តគោលដៅរបស់អង្គការ WWF ក្នុងនោះរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះសីហនុ កំពត កោះកុង និងខេត្តមណ្ឌលគិរី។ ក្នុងនោះមាន គម្រោងចិញ្ចឹមសត្វ ដាំបន្លែ ដាំស្រូវមិត្តភាពសត្វព្រៃ ធនាគារគោ ការផ្តល់ឥណទានខ្នាតតូច គម្រោងគាំទ្រសិប្បកម្មឫស្សី-ផ្តៅ ដំណាំម្រេច ដំណាំកៅស៊ូគ្រួសារ ឃ្មុំព្រៃ ថាមពលស្អាត សហគមន៍ទេសចេណ៍ធម្មជាតិ និងគម្រោងការប្រើប្រាស់និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជាជាដើម។
លទ្ធផលសំខាន់មួយទៀត គឺខ្ញុំបានចូលរួមជាវិភាគទានយ៉ាងសំខាន់ក្នុងការជួយជាថវិកា បទពិសោធនិងជំនាញបច្ចេកទេសក្នុងការរៀបចំតំបន់អភិរក្សសត្វព្រៃ តំបន់ការពារធម្មជាតិ និងគោលនយោបាយសំខាន់ៗនិងផែនការយុទ្ធសាស្រ្តជាច្រើនសម្រាប់ការគ្រប់គ្រងតំបន់ មានដូចជា តំបន់អភិរក្សផ្សោតទនេ្លមេគង្គ តំបន់អភិរក្សសត្វក្តាន់តំបន់អភិរក្សសត្វស្លាបពង-កូន តំបន់ដីសើម តំបន់ការពារធម្មជាតិនិងតំបន់របៀងសត្វព្រៃសំខាន់ៗនៅភាគឦសាន្តនៃប្រទេសកម្ពុជា។ ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងទៅនេះ សមិទ្ធផលសំខាន់ៗដែលលេចធ្លោជាផ្លែផ្កាចេញពីកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូនានាផងដែរ។
ខ្ញុំបានចូលរួមបង្កើត ដឹកនាំ និងរៀបចំទិវាជាតិ និងយុទ្ធនាការសំខាន់ៗ ជាច្រើនផងដែរដូចជា ទិវាសត្វផ្សោតទន្លេ សត្វខ្លាធំ សត្វដំរី ជីវៈចម្រុះ អនាម័យបរិស្ថាន ដីសើម ទិវា១ម៉ោងសម្រាប់ភពផែនដី និងយុទ្ធនាការអន្ទាក់សូន្យ ជាដើម។
ការចូលរួមដ៏សកម្មរបស់ខ្ញុំនេះដែរ ចំនួនសត្វផ្សោតទន្លេលើកទី១ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយបានកើនឡើងប្រហែល១៥ភាគរយពី៨០ក្បាល (២០១៥) ដល់ ៩២ (២០១៧) ចំនួនសត្វក្តាន់កើនពី៥០ក្បាល (២០០៦) ដល់ ៨៦ក្បាល (២០២២) និងប្រភេទជាច្រើនទៀតមានការកើនឡើងចំនួនដូចជា សត្វរំពេទន្ល ត្រយ៉ងយក្ស ត្រយ៉ងចកំកស ត្មាត ត្រដក់ ទោច និងក្រពើភ្នំ…។

សំណួរ៖ក្នុងចំណោមកិច្ចការទាំងនេះ តើមូលហេតុអ្វីខ្លះដែលអង្គការ WWF ចាប់អារម្មណ៍អភិរក្សលើសត្វផ្សោត?
លោក សេង ទៀក៖ មូលហេតុចម្បងមានបីសំខាន់ៗ៖ ទី១. សត្វផ្សោតគឺជាប្រភេទសត្វដែលជិតផុតពូជក្នុងលោកកំណត់ដោយបញ្ជីក្រហមរបស់អង្គការ IUCN ហើយអង្គការ WWF បានកំណត់ថាជាប្រភេទសត្វអាទិភាពខ្ពស់សម្រាប់ការអភិរក្ស។ ទី២. អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានកំណត់ថា សត្វផ្សោតទនេ្លជារតនៈសម្បត្តិជាតិមានជីវិត។ ចំពោះខ្ញុំការពារសត្វប្រភេទនេះ គឺជាមោទនភាពជាតិមួយ។
ចំណែកចំណុចសំខាន់ទី៣. គឺសត្វផ្សោត ជាប្រភេទសត្វដែលទាក់ទាញ និងគួរឱ្យស្រឡាញ់ និងជាសត្វសុច្ចនាករដែលអាចបញ្ជាក់ថា ទីកន្លែងដែលមានសត្វផ្សោតរស់នៅ ប្រពន្ធ័អេកូឡូស៊ី និងទនេ្លនៅទីនោះមានសុខភាពល្អ សម្បូរត្រី និងធនធានវារីសាស្ត្រជាច្រើនទៀត ។ចំពោះខ្ញុំ ការការពារសត្វប្រភេទនេះគឺអាចជួយបង្កើតការងារជួយបង្កើនសេដ្ឋកិច្ចជាតិ និងសហគមន៍មូលដ្ឋាន តាមរយៈទេសចរណ៍ធម្មជាតិ ។
សំណួរ៖តើសត្វផ្សោត (ទឹកសាប)មានសារៈសំខាន់អ្វីខ្លះសម្រាប់កម្ពុជា ហើយបច្ចុប្បន្នមានផ្សោតទឹកសាបប៉ុន្មានប្រទេសដែលកំពុងរស់នៅកម្ពុជា?
លោក សេង ទៀក៖ ផ្សោតទន្លមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ព្រោះវាជាសត្វដែលជិតផុតពូជក្នុងលោក។ ជាមោទនភាពណាស់ដែលប្រទេសកម្ពុជាយើងនៅមានថនិកសត្វដ៏កម្រនេះរស់នៅ ។ថនិកសត្វប្រភេទនេះបាននិងកំពុងធ្វើឱ្យកម្ពុជាកាន់តែល្បីឈ្មោះនៅក្នុងពិភពលោកបន្ថែមពីលើសម្បត្តិវប្បធម៌រូបី និងសម្បត្តិវប្បធម៌អរូបីជាច្រើនដែលបានក្លាយជាបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិ ។ជាងនេះទៀត ប្រភេទសត្វកម្រដូចសត្វផ្សោតទនេ្លនេះអាចបង្កើតការងារនិងបង្កើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈទេសចរណ៍ធម្មជាតិផងដែរ ។តំបន់អាស៊ីភាគអាគ្នេយ៍ ប្រភេទសត្វផ្សោតដូចគ្នានឹងផ្សោតទន្លេយើងនេះ គឺមាននៅតែក្នុងប្រទេស ៣ ប៉ុណ្ណោះគឺ កម្ពុជា មីយ៉ាមា និងឥណ្ឌូនេស៊ី ។
តាមការធ្វើជំរឿនក្នុងឆ្នាំ២០២០ ចំនួនផ្សោតទន្លេមានប្រហែល ៨៩ក្បាល ។រដ្ឋបាលជលផល និងអង្គការ WWF គ្រោងនឹងចេញរបាយការណ៍ជំរឿនសត្វផ្សោតសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ។
សំណួរ៖តើលោកមានជួបផលលំបាក ឬឧបសគ្គ ដូចម្តេចខ្លះ ចំពោះការងារអភិរក្សសត្វផ្សោត ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើអង្គការមានគម្រោងអ្វីខ្លះក្នុងការចូលរួមអភិរក្ស?
លោក សេង ទៀក៖ បញ្ហាប្រឈមចំពោះសត្វផ្សោត គឺការនេសាទដោយការប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់សត្វផ្សោតរស់នៅដូចជា៖ មង និងការឆក់ជាដើម។ ទោះបីជាមានការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេសាទជាប្រចាំក៏ដោយ ក៏ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់អាចនៅជាកក្តាគំរាមកំហែងដល់ផ្សោតទន្លដែរ។
អង្គការ WWF នឹងនៅបន្តការគាំទ្រដល់សមត្ថកិច្ចអនុវត្តច្បាប់តាមរយៈការជួយបណ្តុះបណ្តាល ជំនាញ ការផ្តល់ថវិកាសម្ភារ និងការសាងសង់ប៉ុស៍្តតាមតំបន់យុទ្ធសាស្រ្តសម្រាប់ឆ្មាំប្រើប្រាស់ក្នុងការងារល្បាត និងការងារគ្រប់គ្រងសត្វផ្សោត ។គម្រោងដែលអនុវត្តដោយអង្គការ WWFនឹងជួយចូលរួមដោះស្រាយសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍ដែលរស់នៅក្នុងតំបន់សត្វផ្សោត បន្តការជួយតាមដាន និងសិក្សាស្រាវជ្រាវពីសត្វផ្សោត និងបន្តអប់រំផ្សព្វផ្សាយពីសារៈសំខាន់ និងផលប្រយោជន៍របស់សត្វផ្សោតទនេ្ល ។ជាមួយគ្នានេះផងដែរ អង្គការWWF ក៏កំពុងរៀបចំគម្រោងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា ដ្រូន ឧបករណ៍ចាប់សំឡេង និងឧបករណ៍បញេ្ចញសំឡេង ជាដើមសម្រាប់ការអនុវត្តន៍ច្បាប់ និងការគ្រប់គ្រងផ្សោតឱ្យមានប្រសិទ្ធភាពខ្ពស់។

សំណួរ៖ចំណេះដឹងពលរដ្ឋ ជាពិសេសអ្នករស់នៅតាមសហគមន៍ ឬមូលដ្ឋានមានការប្រែប្រួលដែរឬទេ ក្នុងការចូលរួមការពារសត្វផ្សោត?
លោក សេង ទៀក៖ នៅមិនទាន់មានការសិក្សាជាលក្ខណៈបែបវិទ្យាសាស្ត្រត្រឹមត្រូវនូវឡើយទេ ទាក់ទងនឹងការផ្លាស់ប្តូរឥរិយាបទ និងចំណេះដឹងរបស់ប្រជាពលរដ្ឋលើការចូលរួមការពារសត្វផ្សោត ។ប៉ុន្តែបើតាមការអង្កេតជាក់ស្តែង ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផ្សោតរស់នៅមានការចូលរួមយ៉ាងសកម្មក្នុងការតាមដាន និងការរាយការណ៍ពីបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់ផ្សោតរស់នៅ រាយការណ៍ពីកូនផ្សោតកើតថ្មី ផ្សោតស្លាប់ និងផ្សោតដែលចល័តចេញពីដែនជម្រករបស់វាជាដើម ជូនមន្ត្រីមានសមត្ថកិច្ច ។ខ្ញុំយល់ថាសកម្មភាពទាំងនេះរបស់ប្រជាពលរដ្ឋយើង គឺជាសកម្មភាពវិជ្ជមាន និងបានបង្ហាញថាពួកគាត់កំពុងយកចិត្តទុកដាក់ ចូលរួមថែរក្សា និងការពារសត្វដ៏កម្ររបស់យើង។
សំណួរ៖ជាការកត់សម្គាល់សម្រាប់លោក តើរាជរដ្ឋាភិបាលកម្ពុជាបានធ្វើអ្វីខ្លះក្នុងការអភិរក្សសត្វផ្សោតនេះ?
លោក សេង ទៀក៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សសត្វផ្សោតទន្លេតាមរយៈការបង្កើតជាតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ បង្កើតគណៈកម្មាធិការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បង្កើតយុទ្ធសាស្រ្តអភិរក្សសត្វផ្សោត ជ្រើសរើស និងបណ្តុះបណ្តាលឆ្មាំទន្លេចំនួន៧២នាក់ដើម្បីការពារសត្វផ្សោត។
ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តក្រចេះ ខេត្តស្ទឹងត្រែង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនឆ្មាំទន្លេទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF កម្ពុជា លើការគ្រប់គ្រងសត្វផ្សោតទន្លដែលជារតនៈសម្បត្តិជាតិមានជីវិតរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ៖វណ្ណ សុជាតា