លោក ស៊ី ព្រមានប្រឆាំងនឹងការកាត់ផ្ដាច់ពីចិន ហើយលើកសរសើរពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ

ប៉េកាំង៖ប្រធានាធិបតី​ចិន ​លោក ​ស៊ី ជីនភីង​ បាន​ព្រមាន​ប្រឆាំង​នឹង​ការ​កាត់​ផ្តាច់​ពី​ប្រទេស​ចិន​ ​ពេល​បើក​​វេទិកា​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​ (BRI) ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​រិះ​គន់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​របស់​លោក​ខាង​លិច​ក្នុង​ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​សេដ្ឋកិច្ច​ចិន ​។​នេះ​បើ​តាម​ការ​រាយការណ៍​​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​លោក​ ស៊ី​ ក៏​បាន​លើក​​សរសើរ​ផង​ដែរ​ចំពោះ​ផែនការ​ដ៏​ធំ​របស់​​ខ្លួន​មួយ​នេះ​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​១ទសវត្សរ៍មុន​ ក្នុង​បំណង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សកល ​និង​បណ្តាញ​ថាមពល​ត​ភ្ជាប់​អាស៊ី​ជាមួយ​ទ្វីប​អាហ្រ្វិក​ និង​អឺរ៉ុប​ តាម​រយៈ​ផ្លូវ​គោក​ និង​ផ្លូវ​សមុទ្រ​ ដោយ​និយាយ​ថា​ ​«សេចក្ដី​ព្រាង​បាន​ក្លាយ​​ទៅ​ជា​គម្រោ​ង​ពិត​»​។

វេទិកា​ BRI មាន​ការ​ចូល​រួម​ពី​តំណាង​ប្រទេស​ជាង​ ១៣០​ ដែល​ភាគ​ច្រើន​មក​ពី​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ រួម​ទាំង​​​ប្រមុខ​រដ្ឋ​មួយ​ចំនួន​ ​ក៏​ដូច​ជា​​ «​មិត្ត​សម្លាញ់​»​ របស់​លោក​ ស៊ី​ គឺ ​​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន​។ ​

លោក ស៊ី​ បាន​ប្រាប់​ប្រតិភូ​ជាង​ ១ ០០០ នាក់​ ដែល​​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បន្ទប់​សន្និសីទ​​​ក្នុង​​មហាសាល​​ប្រជាជន​​​ភាគ​ខាង​លិច​នៃ​ទីលាន​ធានអានមេន​ថា ​​៖ «​យើង​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ឯកតោ​ភាគី​ ការ​ប​ង្ខិត​បង្ខំ​សេដ្ឋកិច្ច​ ការ​ផ្តាច់​​ទំនាក់​ទំនង​បែង​ចែក​​​ និង​ការ​រំខាន​នៃ​សង្វាក់​ផ្គត់​ផ្គង់»​។

មេដឹកនាំ​ចិន​ដដែល​បាន​ជំរុញ​ប្រឆាំង​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ខាង​លិច​ ដើម្បី​កាត់​បន្ថយ​ការ​ពឹ​ង​ផ្អែក​លើ​សេដ្ឋកិច្ច​ចិន​ដោយ​និយាយ​ថា​ «​ជីវិត​របស់​យើង​នឹង​មិន​ប្រសើរ​ជាង​មុន​ទេ​ ហើយ​ការ​អភិវឌ្ឍ​របស់​យើង​ ក៏​នឹង​មិន​លឿន​ជាង​នេះដែរ​​ ប្រសិន​បើ​យើង​ចាត់​ទុក​ការ​អភិវឌ្ឍ​របស់​ប្រទេស​ដទៃ​​ ថា​ជា​ការ​គំរាម​កំហែង​ ហើយ​ការ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​សេដ្ឋកិច្ច​ ថា​ជា​ហានិភ័យ»។

កន្លង​មក​មេ​ដឹក​នាំ​លោក​ខាង​លិច​​បាន​ទទូច​ថា​ គោលដៅ​របស់​​ខ្លួន​គឺ​ដើម្បី​ «​កាត់​បន្ថយ​ហានិភ័យ​»​ មិន​មែន​កាត់​ផ្ដាច់​ពី​ប្រទេស​ចិន​នោះ​ទេ​ ដោយ​និយាយ​ថា​ ពួក​គេ​ចង់​ធ្វើ​ពិពិធក​ម្ម​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ដែល​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​សេដ្ឋកិច្ច​ចិន​។ ​​

​ទោះ​បី​ជា​ BRI ពី​ដំបូង​​ឡើយ​បាន​កំណត់ការ​ត​​​ភ្ជាប់​​ប្រទេស​​ចិន​​ទៅ​អឺរ៉ុប​ខាង​លិច​ក៏​ដោយ ​ក៏​មន្រ្តី​​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​ បាន​អវត្តមាន​ក្នុង​​វេទិកា​នា​ពេល​នេះ​។ ​ប្រមុខ​រដ្ឋ​តែ​មួយ​គត់​ដែល​មាន​វត្តមាន​ពី​ប្លុក​ ​គឺ​នាយក​រដ្ឋ​មន្ត្រី​​ហុងគ្រី​ លោក​ Viktor Orban ​។​ អ្នក​​ចូល​​រួម​​គួរ​​ឱ្យ​​កត់​​សម្គាល់​​ផ្សេង​​ទៀត​ ​រួម​​មាន​​រដ្ឋ​​មន្ត្រី​​ពា​ណិជ្ជកម្ម​​របស់​​រដ្ឋបាល​​តាលីបង់ ​​អាហ្វហ្គានីស្ថាន​ ​លោក​ Haji Nooruddin Azizi​។​

​លោក​ Azizi ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ក្នុងពិ​ធី​នោះ​ថា ៖«​​ចិន​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​នៅ​ពេល​នេះ​ ក្នុង​ការ​អភិវឌ្ឍ​អាហ្វហ្គានីស្ថាន​ ។​​ដូច្នេះ​យើង​កាន់​តែ​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​»​។​

បើ​តាម​រ៉យទ័រ​ អ្នក​វិភាគ​បាន​និយាយ​ថា​ មន្ទិល​របស់​​លោក​​ខាង​​លិច​ចំពោះ​ផែនការ​ដ៏​ធំ​របស់​លោក​ ​កើត​ចេ​ញ​ពី​ការ​សង្ស័យ​លើ​​របៀប​ដែល​​​​ឥទ្ធិពល​ចិន​រីក​សាយ​ភាយ​លើ​​ពិភព​លោក​។​ ពេល​ខ្លះ​ ចិន​​ជំទាស់​នឹង​ការ​​រិះ​​គ​ន់​លើ​​ BRI ​​ដោយ​​និយាយ​​​ថា​​ វា​ធ្វើ​ឡើង​ដោយ​​​​មាន​ការ​រើស​អើង​ប្រឆាំង​នឹង​ចិន​ និង​មាន​បំណង​​ចង់​ទប់​ស្កាត់​​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ ​ខណៈ​មើល​រំលង​ «​ចេតនា​ល្អ​ពិត​ប្រាកដ​»​។

​អ្នក​វិភាគ​ក៏​បាន​និយាយ​ផង​ដែ​រ​ថា​ ការ​ផ្តល់​ប្រាក់​កម្ចី​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​របស់​ប្រទេស​ចិន​តាម​រយៈ​គម្រោង​នេះ​ បាន​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​មាន​​ប្រាក់​កម្ចី​ ដែល​​មិន​អាច​សង​វិញ​បាន​ ដែល​នេះ​ជា​ «អន្ទាក់​បំណុល​»​។​​

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​សុន្ទរកថា​ក្រោយ​លោក​ ស៊ី​ ​លោក​ ពូទីន​ ​បាន​សរសើរ​ BRI ​និង​បាន​​អំពាវ​នា​វ​ឱ្យ​មាន​​ការ​​វិនិយោគ​ជា​ស​កល​នៅ​ក្នុង​ផ្លូវ​សមុទ្រ​ភាគ​ខាង​ជើង​ ដែល​លោក​បាន​និយាយ​ថា​ អាច​ធ្វើ​ឱ្យ​ពា​ណិជ្ជកម្ម​កាន់​តែ​ស៊ី​ជម្រៅ​រវាង​​តំបន់​ភាគ​​ខាង​​កើត​ ​និង​ខាង​លិច​។​ ​មន្ត្រី​​អឺរ៉ុប​​​ជា​ច្រើន​​នាក់​ ​បាន​​ចាក​ចេញ​​ពី​​សា​ល​​ប្រជុំ​​ពេល​​លោក​ ​ពូទីន​ ​ឡើង​​ដល់​​ឆាក​និយាយ​៕  ដោយ៖ហួនឌីណា

ads banner