មេប៉ូលិសថៃ ទាមទាររបាយការណ៍សុខភាពរបស់លោក ថាក់ស៊ីន ពីមន្ទីរពេទ្យ
ថៃ៖អគ្គស្នងការនគរបាលជាតិថៃ លោក តូសាក់ សុកវិមល់(Torsak Sukvimol) កាលពីថ្ងៃទី១៧ ខែតុលា បានទាមទារឱ្យមន្ទីរពេទ្យទូទៅប៉ូលីស (PGH) ក្រុងបាងកក បញ្ជូនរបាយការណ៍ស្តីពីការព្យាបាលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលសម្រាកព្យាបាលជំងឺរបស់លោកក្រៅពន្ធនាគារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការរិះគន់កាលពីសប្ដាហ៍មុន ចំពោះរូបថតមួយសន្លឹក ដែលគេចែកចាយលើបណ្ដាញសង្គម បង្ហាញពីលោក ថាក់ស៊ីន ដែលស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺពាក់ម៉ាស់ និងនៅលើគ្រែពេទ្យត្រូវបានគេអូសយកទៅធ្វើការស្កេនកុំព្យូទ័រ(CT)និងស្កែនរូបភាពអនុភាពម៉ាញេទិក(MRI)។ អ្នករិះគន់លើកឡើងថា លោក ថាក់ស៊ីន ជាអ្នកទោសដែលទទួលបានឯកសិទ្ធិ និងការព្យាបាលពិសេស។
មានការចោទប្រកាន់ថែមទៀតថា រូបថតនេះត្រូវបានគេរៀបចំថត និងចែកចាយដោយចេតនា ដែលក្រុមអ្នករិះគន់បាននិយាយថា ក្នុងគោលបំណងផ្តល់ចំណាប់អារម្មណ៍ថា លោក ថាក់ស៊ីន នៅតែឈឺធ្ងន់ ហើយត្រូវការការព្យាបាលបន្ថែមទៀតនៅមន្ទីរពេទ្យក្រៅពន្ធនាគារ ខណៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគាររបស់លោក ថាក់ស៊ីន រយៈពេល ៩០ ថ្ងៃ ត្រូវផុតកំណត់នាថ្ងៃសុក្រនេះ។
ជុំវិញបញ្ហានេះផងដែរ លោក តូសាក់ បាននិយាយទទួលស្គាល់កាលពីថ្ងៃអង្គារថា លោកបានដឹងតិចតួចពីបញ្ហាចូលមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន ដោយសារតែលោកទើបតែត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិថ្មីៗនេះ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកែប្រែថៃ ដែលស្នើឱ្យប៉ូលិសជួយផ្តល់សន្តិសុខដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ។ លោកបានត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា ក្រោយពីនិរទេសខ្លួន ១៥ ឆ្នាំ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសរុប ៨ ឆ្នាំ ក្នុងសំណុំរឿង ៣ ករណី។
ទោះយ៉ាងណាក៏ដោយ លោកត្រូវបានគេបញ្ជូនពីពន្ធនាគារបាងកក ទៅកាន់ PGH នៅយប់ថ្ងៃដំបូងនោះ ដោយសារហេតុផលសុខភាព ហើយបន្តនៅទីនោះតាំងពីពេលនោះមក។
ក្រោយពីបានសុំការលើកលែងទោសពីព្រះមហាក្សត្រ លោក ថាក់ស៊ីន ត្រូវបានបន្ធូរបន្ថយទោសជាប់ពន្ធនាគារត្រឹមតែរយៈពេលមួយឆ្នាំវិញ៕
ប្រែសម្រួល៖ហួន ឌីណា