វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅរដ្ឋធានីប៉េកាំង បានប្រកាសបើកជាផ្លូវការ
ភ្នំពេញ៖វេទិកាខ្សែក្រវាត់និងផ្លូវ លើកទី៣ របស់រដ្ឋាភិបាលចិន ត្រូវបានប្រកាសបើកជាផ្លូវការនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយលោកប្រធានាធិបតីចិន ស៊ី ជីនភីង និងបណ្តាមេដឹកនាំពិភពលោកជាច្រើនរូបទៀត រួមនឹងមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ បញ្ជាក់ថា ការចូលរួមរបស់លោក ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ និងអន្តរជាតិ។
នាពិធីបើកវេទិកានេះ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានថ្លែងឡើងថា ចាប់តាំងពីឆ្នាំ២០១៣មក គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវត្រូវបានប្រសិទ្ធនាមក្រោមការផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលចិន និងរហូតមកទល់ពេលនេះមានបណ្តាប្រទេសប្រមាណ១៤០ និងអង្គការអន្តរជាតិប្រមាណ៣០ហើយ ដែលគាំទ្រគំនិតផ្តួចផ្តើមនេះ។
លោកបានបន្តថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បានផ្តោតសំខាន់លើគោលនយោបាយសំខាន់ៗដូចជា ការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាសរសៃឈាមលើការអភិវឌ្ឍន៍ប្រទេស ជាពិសេសគំនិតផ្តួចផ្តើមនេះធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងបណ្តាប្រទេសសមាជិក និងរដ្ឋាភិបាលទីក្រុងប៉េកាំង កាន់តែទូលាយ និងទទួលបានផលប្រយោជន៍រៀងខ្លួន។
គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះបាននិងកំពុងដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍នៅបណ្តាប្រទេសកំពុងអភិវឌ្ឍ មិនថាអាស៊ី អាហ្រ្វិក អាមេរិឡាទីន និងបណ្តាប្រទេសដៃគូផ្សេងទៀតនោះទេ។
លោក ស៊ី ជីនភីង មានប្រសាសន៍ថា ៖ «គំនិតផ្តួចផ្តើមនេះមានរយៈពេល១០ឆ្នាំហើយមកទល់ពេលនេះ ហើយវាត្រូវបានគាំទ្រពីបណ្តាប្រទេសជាមិត្តជាច្រើននៅទូទាំងពិភពលោក។ ខ្ញុំវាយតម្លៃខ្ពស់ និងសប្បាយរីករាយនូវសមិទ្ធផលទាំងនេះណាស់។ យើងនឹងបន្តនៅជាមួយគ្នាទៀត ដើម្បីកិច្ចការអភិវឌ្ឍន៍»។
ប្រធានាធិបតីចិន បានបន្ថែមថា គោលនយោបាយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ គឺជាគោលនយោបាយដែលអនុវត្តភ្លាមៗចេញសមិទ្ធផល និងរូបរាងពិតប្រាកដ វាពុំមែនមានតែនៅលើក្រដាសនោះទេ ។ លោកបន្ថែមថា ៖ «គោលនយោបាយនេះគឺ គិតជាមួយគ្នា ធ្វើជាមួយគ្នា ហើយអភិវឌ្ឍជាមួយគ្នា។ បើទោះបីយើងមកពីបណ្តាជាតិសាសន៍ផ្សេងគ្នា ជំនឿខុសគ្នាក៏ដោយ ក៏ប៉ុន្តែយើងអាចដើរបានទៅមុខរហូតមកទល់ពេលនេះ»។
មានគម្រោងអភិវឌ្ឍន៍ច្រើនណាស់ដែលកំពុងដំណើរការ និងបានដាក់ឱ្យប្រើប្រាស់រួចរាល់ ក្រោមជំនួយនៃគោលនយោបាយខ្សែក្រវាត់ និងផ្លូវនេះ។ ដូច្នេះហើយទើបគោលនយោបាយនេះ អាចទាក់ទាញបណ្តាប្រទេសប្រមាណ១៤០ប្រទេសហើយ ដែលបានចូលជាសមាជិកនៃគំនិតផ្តួចផ្តើមនេះ។ ជាសមិទ្ធផលដ៏ធំធេងណាស់សម្រាប់ប្រទេសចិន និងបណ្តាប្រទេសសមាជិក។
លោកបានថ្លែងថា ៖ «គម្រោងអភិវឌ្ឍន៍ទាំងនោះមាន ផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះ និងគម្រោងប្រភេទផ្សេងៗទៀត ដែលទាំងនេះសុទ្ធសឹងតែជាគោលនយោបាយចម្បងមួយរបស់យើង។ គម្រោងទាំងអស់នេះសុទ្ធសឹងតែជាតម្រូវការរបស់ពលរដ្ឋរបស់បណ្តាប្រទេសទាំងនោះ ហើយគម្រោងអភិវឌ្ឍន៍ណាដែលបានដាឱ្យយប្រើប្រាស់ហើយនោះ គឺបានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋរបស់ពួកគេផងដែរ»។
ក្រោយពីបាត់មុខពីកម្មវិធីធំៗប្រមាណជិតពីរឆ្នាំចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែនមក លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏ត្រូវបានរដ្ឋាភិបាលចិនអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានាពិធីនោះផងដែរ។
លោក ពូទីន បានបញ្ជាក់គោលជំហររបស់លោកថា នឹងដុតដៃ ដុតជើង គាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ហើយនឹងបន្តកិច្ចសហការជាមួយរដ្ឋាភិបាលចិនលើការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ។
លោកបានថ្លែងថា ៖ «ក្នុងរយៈពេលប្រមាណ១០ឆ្នាំនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបានចូលរួមអភិវឌ្ឍទៅបណ្តាប្រទេសជាសមាជិកជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដែលស្រេកឃ្លាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងគម្រោងដទៃទៀត»។
ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ក៏បានបង្ហាញក្តីអបអរសាទរដល់លោក ស៊ី ជីនភីង ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានចូលរួមយ៉ាងសំខាន់លើការជម្រុញការអភិវឌ្ឍដល់បណ្តាប្រទេសក្រីក្រ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលជាសមាជិក។
លោកក៏បានអំពាវនាវឱ្យពិភពលោករួបរួមគ្នាកសាងពិភពលោកមួយប្រកបដោយសន្តិភាព ការួមរស់ជាសកលដោយពុំមានការរើសអើង និងការបង្កចលាចលដោយវិបត្តិអស្ថេរភាពណាមួយនោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងឱ្យដឹងថា រយៈពេ ល១០ឆ្នាំហើយដែលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមានវត្តមានឡើងក្រោមការផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។ គោលនយោបាយនេះបានចូលរួមកសាងអនាគត ការជម្រុញការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការចូលរួមជំរុញការអភិវឌ្ឍទៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោកបានប្រាប់ថា ៖ «កម្ពុជា ជាប្រទេសមួយដែលទទួលបានអត្ថប្រយោជន៍ច្រើនផងដែរពីគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិននេះ ក្នុងនោះមានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ, កំពង់ផែតំបន់សេដ្ឋកិច្ចពិសេស, ការនាំចេញនាំចូលផលិតផលខ្លួនទៅកាន់ទីផ្សារប្រទេ សចិនជាដើម ដែលទំាងនេះសុទ្ធសឹងតែទទួលបានពីគំនិតផ្តួចផ្តើមនេះ»៕
ដោយ៖វង្ស ដារាវ៉ាឌី



