ស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការឡើងខ្លាំងគួរឱ្យព្រួយបារម្ភ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយ័ត្នខ្ពស់
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតផ្នែកខាងមុខ បានបន្តឡើងដល់ ៧,៩០ម៉ែត្រ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យអាជ្ញាធរ ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតដែលកំពុងបន្តឡេីងឥតស្រក នៅក្នុងមូលដ្ឋានខណ្ឌកំបូល និងខណ្ឌដង្កោ ។
នៅពេលនេះ កម្រិតកម្ពស់ទឹក ស្ទឹងព្រែកត្នោត ស្ថិតក្រោមការ តាមដានមើលយ៉ាងយកចិត្តទុកដាក់ ពី អាជ្ញាធរដែនដី និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាប្រចាំមូលដ្ឋាន ហេីយអ្វីដែលសំខាន់បំផុតនោះគឺ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាចម្បង ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាសង្កាត់នានាជាប់មាត់ស្ទឹងព្រែកត្នោតក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ និងហានិភ័យផ្សេងៗដែលអាចកេីតមានក្នុងអំឡុងពេលទឹកកំពុងឡេីងនេះ ។
សូមបញ្ជាក់ថា៖ ទឹកស្ទឹងព្រែកត្នោតតែងតែមានការឡើងជាប្រចាំ នៅរៀងរាល់រដូវវស្សា ដោយគ្រាន់តែឆ្នាំខ្លះឡើងតិចតួចមិនបង្កផលប៉ះពាល់ តែឆ្នាំខ្លះក៏មានការឡើងខ្លាំងបង្កជាការជន់លិចដល់លំនៅដ្ឋានក្នុងភូមិមួយចំនួនរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមមាត់ស្ទឹង ។ ហើយក្នុងរយៈប៉ុន្មានថ្ងៃមកនេះ ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង ទើបធ្វើឱ្យស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការឡើងខ្លាំងគួរឱ្យព្រួយបារម្ភ ៕
ដោយ ហេង សម្បត្តិ +ថេត វិចិត្រ




