រុស្ស៊ី និងចិនថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យនៅហ្កាហ្សា សម្លាប់មនុស្សរាប់រយនាក់
ប៉េកាំង៖ សហគមន៍អន្តរជាតិបានផ្តោតការយកចិត្តទុកដាក់លើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានអូសបន្លាយជាង ១០ថ្ងៃមកនេះ ហើយទាំងរុស្ស៊ី និងចិនបានថ្កោលទោសការវាយប្រហារកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លើមន្ទីរពេទ្យនៅហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់។
ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធទី១៨ ខែតុលានេះ បានគូសបញ្ជាក់ថា ការវាយប្រហារលើមន្ទីរពេទ្យនៅហ្កាហ្សា ដែលសម្លាប់មនុស្សរាប់រយនាក់នៅថ្ងៃអង្គារសប្តាហ៍នេះ គឺជា “សោកនាដកម្ម” ដោយលោកបានបង្ហាញពីតម្រូវការ ក្នុងការនាំជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសទៅកាន់ទីបញ្ចប់។
លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា នេះគឺជាព្រឹត្តិការណ៍ដ៏អាក្រក់មួយ… ខ្ញុំពិតជាសង្ឃឹមថា វានឹងក្លាយជាសញ្ញាមួយដែលបង្ហាញថា សង្គ្រាមនេះត្រូវតែបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទន្ទឹមគ្នា ក្រសួងការបរទេសចិនបានលើកឡើងថា ខ្លួនមានការភ្ញាក់ផ្អើល និងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើមន្ទីរពេទ្យនៅហ្កាហ្សា ហើយបានអំពាវនាវឱ្យមានការឈប់បាញ់ជាបន្ទាន់។
បើតាមសារព័ត៌មានស៊ីនហួររបស់ចិន ថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងរុស្ស៊ី ដើម្បីការពារយុត្តិធម៌ និងច្បាប់អន្តរជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

