កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសទាំងពីរ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យយោធា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។
ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីកាលពីថ្ងៃទី១៧ ខែតុលា នាទីក្រុងហាណូយ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រភពអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម វង្ស ពិសេន បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពកម្ពុជានៅវៀតណាមនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី រវាងកងទ័ពប្រទេសទាំងពីរ ក្នុងនាមជាបងប្អូនភូមិផងរបងជាមួយគ្នា រួមសុខរួមទុក្ខនៅគ្រប់ដំណាក់កាល។
ឯកឧត្តមបន្តដោយជឿជាក់ថា ៖ «តាមរយៈការជួបពិភាក្សាគ្នាពេលនេះ នឹងបន្តជំរុញលើកកម្ពស់ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត រួមចំណែកការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល»។
ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ដែរថា កងយោធពលខេមរភូមិន្ទកម្ពុជា នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរនាពេលកន្លងទៅ ដោយមានការបន្តការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនៅគ្រប់កម្រិត ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមបង្កលក្ខណៈងាយស្រួលភារកិច្ចកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែន តាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ឯកឧត្តម ង្វៀន តឹងគឿង បានវាយតម្លៃខ្ពស់នាជំនួបពេលនេះដោយលោកថា ជាឱកាសដើម្បីពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រពៃណី មានកិច្ចសហប្រតិបត្តិការស្អិតរមួត ក្នុងនាមអ្នកជិតខាងល្អ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានប្តេជ្ញាថានឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃនោះទេ។
ឯកឧត្តម ង្វៀន តឹងគឿង បញ្ជាក់ថា ៖ «ហេតុនេះ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធាគឺជាកត្តាចាំបាច់ ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា»។
បើតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ភាគីទាំងពីរក៏បានពិភាក្សាកិច្ចសហប្រតិបត្តិការពហុភាគី៣ប្រទេស កម្ពុជា-វៀតណាម-ឡាវ ផងដែរ ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នឹងមានការរៀបចំជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីការពារជាតិ៣ប្រទេសនេះ នៅតំបន់ត្រីកោណមរកត និងធ្វើលំហាត់សុខាភិបាលរួមគ្នានៅប្រទេសវៀតណាមផងដែរ។
បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា កម្ពុជា និងវៀតណាមមានព្រំដែនជាប់គ្នាដែលធ្វើឱ្យការដំឡើងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនេះគឺជាការល្អដើម្បីទប់ស្កាត់នូវឧក្រិដ្ឋកម្មឆ្លងដែន ទំនិញគេចពន្ធឆ្លងដែនខុសច្បាប់ និងការជួញដូរគ្រឿងញៀន ឬជួញដូរមនុស្សជាដើម៕
ដោយ៖គឹម យុត្ថារ៉ូ



