អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ អ្នកដំណើរមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសសេវាដឹកជញ្ជូន ក្នុងនិងក្រៅប្រព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ថ្វីត្បិតតែអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានប្រតិបត្ដិការសេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែភ្ញៀវអាចប្រើសេវាដឹកជញ្ជូនក្រៅប្រព័ន្ធបានធម្មតា និងមិនមានការហាមឃាត់មិនឱ្យអ្នកដឹកចូលទៅដឹកអ្នកដំណើរនៅក្នុងព្រលានយន្តហោះទេ។
លោក ស៊ិន ចាន់សិរីវុត្ថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានពន្យល់ពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែយល់ច្បាស់ និងអះអាងថាអ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនផ្សេងៗ តាមតម្រូវការបាន។
លោកបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចផ្ទេរសិទ្ធិឱ្យក្រុមហ៊ុនមួយជាអ្នកធ្វើប្រតិបត្ដិការសេវាកម្មដឹកជញ្ជូន នៅក្នុងអាកាសយាន្ដដ្ឋាន សម្រាប់រថយន្តក្រុងតម្លៃ៨ដុល្លារក្នុងជើង ដែលទាំងទៅ និងមកតម្លៃ១៥ដុល្លារ។ ចំណែកតម្លៃដឹកជញ្ជូនសម្រាប់រថយន្តតាក់ស៊ី ត្រូវបានកំណត់ដោយសមាគមតាក់ស៊ី គឺក្នុងមួយជើង៣៥ដុល្លារ។
លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ៖ «តម្លៃដឹកជញ្ជូននេះ គឺក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនអាកាសយានដ្ឋាន បានព្រមព្រៀងគ្នាក្នុងតម្លៃនេះហើយ។ ដូចនេះ បើយើងចង់ប្រើរថយន្តរបស់អាកាសយានដ្ឋាន គឺត្រូវបង់តាមតម្លៃហ្នឹងហើយ។ដោយឡែកតាក់ស៊ី យើងធ្វើដូចអាកាសយានដ្ឋានផ្សេងៗទៀតដែរ គឺមានសមាគមតាក់ស៊ី បានកំណត់តម្លៃដោយចចារជាមួយខាងអាកាសយានដ្ឋានរួចរាល់ហើយដែរ»។
លោកបន្ដថា ការបង្កើតសេវាកម្មនេះ គឺដោយសារតែអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មី ហើយមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេចឱ្យមានប្រតិបត្តិការសេវាកម្មតាក់ស៊ីនេះ។
លោកបានពន្យល់បែបនេះថា ៖ «ចំពោះសេវាដឹកជញ្ជូនក្រៅប្រព័ន្ធវិញ ត្រូវបានអនុវត្ដធម្មតា ដូចអាកាសយាន្ដដ្ឋានអន្ដរជាតិផ្សេងៗទៀត ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់មិនឱ្យអ្នកដឹកជញ្ជូនចូលទៅដឹកអ្នកដំណើរ នៅក្នុងអាកាសយាន្ដដ្ឋាន សៀមរាប-អង្គរផងដែរ»។
ចំពោះអ្នកដឹកជញ្ជូនផ្សេងៗទៀតដែលនៅក្រៅប្រព័ន្ធ ដែលចង់ចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មិនមានការហាមឃាត់នោះទេ ដោយលោក ស៊ិន ចាន់សិរីវុត្ថា បានលើកទឹកឱ្យចុះបញ្ជីជាមួយសមាគមដឹកជញ្ជូន ព្រោះថាការធ្វើបែបនេះ ដើម្បីរក្សានូវសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់អ្នកធ្វើដំណើរនៅក្នុងអាកាសយានដ្ឋាន។
លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងដែរថា ចំពោះតម្លៃសេវាដឹកជញ្ជូនវិញ អាស្រ័យទៅលើអ្នកធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរគិតថាថ្លៃ អាចមានការជ្រើសរើសរកសេវាដឹកជញ្ជូនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងសមាគមអ្នកដឹកជញ្ជូន ក្នុងអាកាសយានដ្ឋាន។
លោកបានបញ្ជាក់ថា ៖ «ជាធម្មតាតម្លៃនៃសេវាដឹកជញ្ជូនរបស់អាកាសយានដ្ឋាន គេតែងតែមានការសិក្សាច្បាស់លាស់រួចហើយ ហើយបើសិនជាអ្នកដំណើរយល់ឃើញថា តម្លៃនេះវាខ្ពស់ពេក យើងអាចស្នើសុំឱ្យខាងក្រុមហ៊ុនអាកាសយានដ្ឋានពិនិត្យឡើងវិញ ដើម្បីបញ្ចុះតម្លៃ ឬក៏យើងអាចជ្រើសរើសសេវាដឹកជញ្ជូននៅក្រៅ ដែលមានតម្លៃធូរជាងនេះក៏បាន ព្រោះវាមិនមែនជាការកំណត់ដាច់ត្រូវប្រើមធ្យោបាយដឹកជញ្ជូនរបស់ខាងអាកាសយានដ្ឋាននោះទេ»។
សូមជម្រាបដែរថា ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន (ខេមបូឌា) ឯ.ក នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងពីតាក់ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានផ្ទេរសិទ្ធិឱ្យTourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ។
ដើម្បីធ្វើប្រតិបត្តិការឱ្យបានល្អ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន២៦១គ្រឿង (តិចជាង៧កៅអី និងឡានក្រុងតូច៦៩គ្រឿង មាន៨កៅអី ដល់១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ ស្ដង់ដារការគិតប្រាក់សេវាតាក់ស៊ី ដែលរថយន្តធុនតូចតម្លៃ៣៥ដុល្លារមួយជើង, ឡានក្រុងតូច៤០ដុល្លារមួយជើង ឬម្នាក់៨ដុល្លារ៕
ដោយ៖វណ្ណ សុជាតា


