ក្រសួងសាធារណការ កំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្តគ្រប់ប្រភេទ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ។អនុក្រឹត្យនេះ មានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែតុលាថា ក្នុងសេចក្ដីព្រាងអនុក្រឹត្យនេះ មាន៤ជំពូក និង១៣មាត្រា ខណៈដែលកិច្ចប្រជុំ ពិភាក្សាជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី១៧ ខែតុលា បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញនូវពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យវាក្យស័ព្ទមួយចំនួន ដើម្បីឱ្យស្របនឹងបរិបទសង្គមបច្ចុប្បន្ន។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ៖ «សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនយានយន្តនេះ មានគោលបំណងកំណត់ល្បឿនបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់ពេលវេលាឱ្យបានសមស្រប និងស្របតាមស្ថានភាពជាក់ស្តែងដែលយើងមានផ្លូវល្បឿនលឿនផងដែរ»។
ទាក់ទងសេចក្ដីព្រាងអនុក្រឹត្យដែរ លោក គឹម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងដែរថា ការបង្កើតអនុក្រឹត្យនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយលោកបានលើកទឹកចិត្តឱ្យក្រសួង ក៏ដូចជារាជរដ្ឋាភិបាល គួរតែមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិល ដើម្បីអាចឱ្យភាគីពាក់ព័ន្ធចូលរួមផ្ដល់ធាតុចូលដែលចាំបាច់ដាក់ក្នុងអនុក្រឹត្យ។
លោកបន្តថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានមនុស្សស្លាប់ របួស និងពិការ គឺកើតឡើងពីការបើកបរហួសល្បឿនកំណត់ ហេតុនេះសេចក្ដីព្រាងអនុក្រឹត្យនេះ ទាមទារការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ។
លោក គឹម បញ្ហា បានបន្តទៀតថា ក្រៅពីការលើកទឹកចិត្តឱ្យក្រសួងមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លោកក៏មានយោបល់មួយចំនួនទៅកាន់ក្រសួង ដើម្បីដាក់ចូលទៅក្នុងសេចក្ដីព្រាងអនុក្រឹត្យ ដែលក្នុងនោះ លោកស្នើឱ្យក្រសួងត្រូវកំណត់ល្បឿនយានយន្ត ត្រឹម៣០គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់សាលារៀនទូទាំងប្រទេស។
មួយវិញទៀត លោកស្នើឱ្យក្រសួងក៏ត្រូវកំណត់ល្បឿននៅក្រៅពីទីប្រជុំជន សម្រាប់រថយន្តដឹកកម្មករ ត្រឹម៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
លោក គឹម បញ្ញា ថ្លែងថា ៖ «ខ្ញុំជឿថា បើយើងកំណត់ចំណុចទាំងពីរនេះ ហើយយើងមានវិធានការក្នុងការរឹតបណ្ដឹងនៃការអនុវត្តច្បាប់ វានឹងជួយធ្វើឱ្យក្មួយៗប្អូនៗសិស្ស និស្សិត បងប្អូនកម្មករ គឺកាន់តែមានសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ»។
លោកបន្ថែមថា ការកំណត់ល្បឿននេះ ក៏គួរតែកុំឱ្យមានការអនុញ្ញាតការប្រើប្រាស់ល្បឿនយានយន្តខ្ពស់ពេក ពីព្រោះដូចជាផ្លូវល្បឿនលឿនលោកមើលឃើញកន្លងមកថា យានយន្តបានបើកបរក្នុងល្បឿនពី១២០ ទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហេតុនេះប្រសិនបើកបរក្នុងល្បឿនបែបនេះ វាអាចបង្កឱ្យស្លាប់ និងរបួសដល់ខ្លួនឯង និងមានហានិភ័យដល់អ្នកដទៃទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ២៥រូប៕
ដោយ៖ជា សុខនី

