កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ៖ រយៈ​ពេលជាងប្រាំពី​ឆ្នាំ​ចំនួន​ប្រជាជន​កម្ពុជា​ក្រី​ក្រ​បាន​ថយ​ចុះ​ពី ៥​.​៦​លាន​នាក់ មក​នៅត្រឹ​ម​តែ ២​.​៨​លាន​នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ យោងតាម​របាយការណ៍ស្តី​ពី​សន្ទស្សន៍​ភាព​ក្រី​ក្រព​ហុ​សមាស​ភាគ​សកល​ឆ្នាំ​២០២៣ (​MPI​)​ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬយូអិនឌីភី(UNDP) បាន​បង្ហាញ​ថា រយៈ​ពេលជាង​ប្រាំ​ឆ្នាំ​កន្លងទៅនេះ​ គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២២ អត្រានៃ​ចំនួន​ប្រជាជន​កម្ពុជា​ក្រីក្រ​ ​បាន​ថយ​ចុះ​ពី​ ៥​.​៦​លាន​នាក់ មក​នៅ​ត្រឹម​តែ ២​.​៨​លាន​នាក់​។

​​របាយ​ការណ៍​MPI​ របស់​អង្គការយូអិនឌីភី និង​អង្គការ OPHI (Oxford Poverty &Human Development Initiative) បាន​ចេញ​ផ្សាយ​​កាល​ពី​ដើមខែកក្កដា ឆ្នាំ២០២៣ និង​ត្រូវផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់​អង្គការយូអិនឌីភី កម្ពុជា កាលពីថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០២៣។

ប្រភពដដែល​​បាន​បង្ហាញ​ថា អត្រា​នៃ​ភាព​ក្រី​ក្រ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី ៣៦​,៧​ ភាគរយក្នុង​ឆ្នាំ​២០១៤ មក​នៅ​ត្រឹម ១៦​,​៦​ភាគរយ ​ក្នុង​ឆ្នាំ​២០២២ ដែល​មាន​ន័យ​ថាចំ​នួន​ប្រ​ជាជន​ក្រី​ក្រ​បាន​ថយ​ចុះ​ពី​ចំនួន ៥​.​៦​លាន​នាក់ មក​នៅ​ត្រឹម​តែ​ចំនួន ២​.​៨​លាន​នាក់​ប៉ុណ្ណោះ​។

របាយ​ការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេលប្រាំពី​ឆ្នាំ​កន្លះ​មកនេះ​​ ប្រជាជន​កម្ពុជាមួយ​នាក់​ ក្នុង​ចំ​ណោ​មប្រាំ​នាក់ បាន​ចាកចេ​ញ​ពី​ភាព​ក្រី​ក្រ ដូច្នេះ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​សម្រេច​បាន​នូវ​វ​ឌ្ឍ​ន​ភាព​ល្អ​ប្រសើរ​លើកា​រ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រី​ក្រ​ក្នុង​ប្រទេស បើ​ប្រៀប​ធៀប​នឹង​ប្រទេស​នា​នា​នៅ​លើ​ពិភព​លោក​។

ទន្ទឹម​នឹង​នេះ នៅ​ក្នុង​របាយ​ការណ៍ MPI ដដែល​ ក៏​បាន​លើក​ឡើង​​ពី​អត្រា​នៃ​ភាព​ក្រី​ក្រ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំ​នួន​ ២៥ របស់​កម្ពុជា ដែល​ក្នុង​នោះ​មាន​ខេត្ត​ចំនួន​១៧ ​បាន​ថយ​ចុះ​អត្រា​នៃភា​ព​ក្រី​ក្រ ​ខណៈ​ដែល​មាន​ខេ​ត្ត​ចំនួន​ពីរ គឺ​មានអ​ត្រា​ភាព​ក្រី​ក្រ​ខ្ពស់​ជាង​គេ​​ គឺខេត្ត​ស្ទឹងត្រែង និង​ព្រះវិហារ ដែល​​ធ្វើ​ឱ្យ​អត្រា​នៃ​ភាព​ក្រី​ក្រ​បាន​ធ្លាក់​ចុះ​ខ្លាំង​ពី​ចំនួន ៦៤​,​៣​ភាគរយ មក​នៅ​ត្រឹម​ចំនួន ៣៤​,​៦​ភាគរយ​។

របាយ​ការណ៍​បញ្ជាក់​ថា ​៖ «​ទោះ​បី​ជា​​អត្រា​នៃ​ភាព​​ក្រី​ក្រ​​នៅ​តាម​ទី​ជន​បទ​ភាគ​ច្រើន​បាន​ថយ​ចុះ ក៏​ប៉ុន្តែ​ចំ​ពោះ​អត្រា​នៃ​ភាព​ក្រី​ក្រ​នៅ​ក្នុង​តំបន់​ទីក្រុង​វិញ​ហាក់​ដូច​ជា​គ្មាន​សញ្ញា​ថយ​ចុះ​ឡើយ​»​។

អង្គការUNDP កម្ពុជា បានសរសេរលើហ្វេសប៊ុក​របស់ខ្លួនដែរថា វឌ្ឍនភាពរបស់ប្រទេសកម្ពុជា គឺដោ​យសារភាពប្រសើរឡើងនៃសូចនាករសុខភាព និងកម្រិតជីវភាព ជាពិសេសអត្រាមរណភាពកុមារ អាហារូបត្ថម្ភ ប្រេងឥន្ធនៈ អនាម័យ និងអគ្គិសនី។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាននៅក្នុងសូចនាករអ​ប់រំ និងលំនៅដ្ឋាន។

ប្រភពដដែលបន្តថា ៖ «របាយការណ៍នេះ មានទិន្នន័យ និងការវិភាគជាច្រើនដែលអាចជួយអ្នកតាក់តែងគោលនយោបាយ អ្នកអនុវត្ត និងអ្នកស្រាវជ្រាវក្នុងការតាក់តែង និងអនុវត្តគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយភាពក្រីក្រក្នុងគ្រប់ទម្រង់របស់វា»។

ទាក់​ទង​នឹង​របាយការណ៍​នេះ លោក ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃវិ​ទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​ថា ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ មាន​ក្ដី​មោទន​ភាព​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួលស​មិទ្ធផល​អត្រា​នៃ​ភាព​ក្រី​ក្រ​បាន​ធ្លាក់​ចុះ​បែប​នេះ ខណៈ​ដែល​ការ​ធ្លាក់​ចុះ​នេះ ​​វា​កើត​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អង្គការ​អន្តរ​ជាតិ និង​ប្រទេស​ដៃ​គូ​ផ្សេងៗ​ដែល​បាន​ជួយ​គាំ​ទ្រ​កន្លង​មក​។

លោក​បន្ត​ថា ទោះ​បី​អត្រា​នៃ​ភាព​ក្រី​ក្រ​បាន​ធ្លាក់​ចុះ​ពិត​មែន ប៉ុន្តែ​ងាក​មក​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​នេះ ការ​នាំ​​ចេញ​ទៅ​អន្តរ​ជាតិ និង​ប្រទេស​ដៃ​គូ​មាន​ការ​ថយ​ចុះ ហើយ​ការ​ថយ​ចុះ​នេះ​ក៏​មិន​មែន​តែ​កម្ពុជា​នោះ​ដែរ ប​ណ្ដា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ាន ​និង​នៅ​ក្នុង​ពិភព​លោក ក៏​មាន​អត្រា​ការ​នាំ​ចេញ​ថយ​ចុះ​ផង​ដែរ​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា បញ្ហា​នៃ​ការ​ថយ​ចុះ​នេះ វា​បាន​កើត​ឡើង​ដោយ​សារ​កត្តា​ជំងឺ​កូវីដ១៩ និង​កត្តា​សង្គ្រា​ម​នៅ​ប្រទេស​ផ្សេងៗ ដែល​កត្តា​សង្គ្រាម​​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ទៅ​ដល់​ការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​គ្រប់​ប្រទេស​ទាំង​អស់ នៅ​ក្នុង​តំបន់​អាស៊ី​ខាង​លិច និង​អាស៊ាន​ជា​ដើម​។

លោក​ ហុង វណ្ណៈ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​បើ​ទោះ​បី​ស្ថាន​ភាព​សេដ្ឋកិច្ច​សកល​កំពុង​​ជួប​វិបត្តិ​ក្នុង​អន្តរ​កា​ល​នេះ​ក៏​ដោយ អត្រា​នៃភា​ព​ក្រី​ក្រ​នៅ​កម្ពុជា គឺ​វា​មិន​មាន​ការ​កើន​ឡើង​ទៀត​ទេ ប៉ុន្តែ​វា​មាន​តែ​ថយ នេះ​បើ​យោង​តាម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​ដែល​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​»​។

លោក​បន្ថែម​ថា​ ទន្ទឹម​នេះ​ការ​ប្រកប​មុខ​របរ​របស់​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន ក៏​កាន់​តែ​ល្អ​ប្រសើរ​ជាង​​មុន​​ដែរ ដោយ​សារ​តែមាន​​ការ​អភិវឌ្ឍន៍​​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ទ្រ​​ទ្រង់ និង​ការ​​រៀប​ចំ​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​វិនិយោ​គ គឺ​មាន​លក្ខណៈ​រឹង​មាំ ដូច្នេះ​អ្វី​ទាំង​អស់​នោះ វា​ជា​ការ​ចូល​រួម​ចំណែក​ទប់​ស្កាត់​ការ​កើន​ឡើងវិញ​​នៃ​ភាព​ក្រី​ក្រ​។

ចំណែក ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ​ក្នុងនាមជាមន្ត្រី​រាជរដ្ឋាភិបាល លោកមើលឃើញថា សមិទ្ធផលទាំងនេះ គឺកើតចេញពីការ​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់​ព័ន្ធ ដែលបានពីការអនុវត្តន៍​ប្រព័ន្ធគាំពារសង្គម ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រ​ជាពលរដ្ឋ។

ឯកឧត្តមបានប្រាប់ថា ​ការថយចុះអត្រានៃភាពក្រីក្រនេះ ក៏ទទួលបានពីការផ្ដល់សេវាសមស្របរបស់រាជរដ្ឋាភិ​បាលកម្ពុជា​ទៅកាន់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ អាចបង្កើនជីវភាព និងចំណូលរបស់​ពួកគាត់ឱ្យកាន់តែល្អប្រសើរ។ជារួមការថយចុះនេះ វាជាផ្នែកមួយបង្ហាញឱ្យឃើញពីប្រសិទ្ធភាព និងការទទួលយកបានរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យគ្រប់វិស័យទាំងអស់មា​នការអភិវឌ្ឍ។

ឯកឧត្តម ឈួរ សុបញ្ញា មានប្រសាសន៍​ថា ៖ «ប្រសិទ្ធភាពនៃការធ្វើឱ្យចំនួនប្រជាពលរដ្ឋក្រីក្របានថយចុះនេះ វាបានបង្ហាញឱ្យឃើញពីចក្ខុវិស័យ និងគោលនយោបាយរបស់យើងដែលបានឆ្លើយតបផងដែរ។ អញ្ចឹង! ចក្ខុវិស័យ និងគោលនយោបាយរបស់យើង គឺធ្វើការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង មិនមែន​មា​នតែគោលនយោបាយបានតែល្អមើលនៅលើក្រដាសនោះទេ»៕

ដោយ៖ជា សុខនី

ads banner