សកម្មជនបរិស្ថាន ត្រូវបានចោទប្រកាន់ពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីការតវ៉ានៅទីក្រុងឡុងដ៍

អត្ថបទដោយ៖
CPA

ឡុងដ៍៖ កញ្ញា ហ្គ្រេតា ធុនបឺក (Greta Thunberg) ដែលជាសកម្មជនបរិស្ថាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣  ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​សណ្តាប់​ធ្នាប់​សាធារណៈ​ បន្ទាប់​ពី​កញ្ញាត្រូវ​បាន​ចាប់​ខ្លួនអំឡុង​ពេលដែលកំពុង​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​សន្និសីទ​មួយ​នៅ​ទីក្រុង​ឡុងដ៍ ប្រទេសអង់គ្លេស ​ដែលជាកម្មវិធីជួបជុំដ៏ធំមួយរបស់បណ្ដាក្រុមហ៊ុនធំៗដែលរកស៊ីក្នុងវិស័យប្រេង និងឧស្ម័ន។

គួរបញ្ជាក់ថា កញ្ញា ហ្គ្រេតា ធុនបឺក ជាសកម្មជនបរិស្ថានជនជាតិស៊ុយអែត​ វ័យ ២០ ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោម ២៩ នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចេញតវ៉ាកាលពីថ្ងៃទី១៧ ដោយពួកគេបានព្យាយាមបញ្ឈប់គណៈប្រតិភូដែលកំពុងធ្វើដំណើរចូលទៅក្នុងវេទិកាជួបជុំរបស់បណ្ដាក្រុមហ៊ុនថាមពលនៅឯសណ្ឋាគារមួយឈ្មោះថា InterContinental London Park Lane។

វីដេអូមួយបានបង្ហាញថា កញ្ញា ធុនបឺក ត្រូវបានគេចាប់ដាក់នៅខាងក្រោយឡានប៉ូលិស បន្ទាប់ពីកញ្ញាបានចូលរួមជាមួយហ្វូងមនុស្សដើម្បីតវ៉ាបិទច្រកចូលសណ្ឋាគារនិងបានស្រែកថា«ត្រូវលុបបំបាត់ឥទ្ធិពលប្រេងឥន្ធនៈហ្វូស៊ីលទៅលើវិស័យហិរញ្ញវត្ថុ»។  ក្រុមមន្ត្រី​ប៉ូលិស​បាន​ចេញអន្តរាគមន៍ទៅក្នុងហ្វូងបាតុករ ​ដើម្បី​វែក​ច្រកផ្លូវ​សម្រាប់​ប្រតិភូ​ធ្វើដំណើរចូលកម្មវិធី។

មុននេះបន្តិច កញ្ញា ធុនបឺក បាននិយាយទៅកាន់អ្នកសារព័ត៌មាន​ ដោយបានបរិហារខ្លាំងៗអំពីសន្និសីទរបស់ថ្នាក់ដឹកនាំ នាយកប្រតិបត្តិក្រុមហ៊ុនថាមពល និងអ្នកនយោបាយថា «យើងមិនមានជម្រើសផ្សេងក្រៅពីត្រូវមកឈរតវ៉ានៅខាងក្រៅសន្និសីទនេះទេ ព្រោះយើងចង់ធ្វើការរំខានដល់សន្និសីទនេះ»។

បើយោងតាមប៉ូលិសក្រុងក្នុងតំបន់បានឱ្យដឹងថា នាងត្រូវបានចោទប្រកាន់ពីបទ «មិនគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ១៤ នៃច្បាប់សណ្តាប់ធ្នាប់សាធារណៈ»។ ជាក់ស្ដែង អំឡុងពេលបាតុកម្ម ក្រុមប៉ូលិស​បាន​ទាមទារ​ឱ្យ​អ្នក​តវ៉ាទាំងអស់​ផ្លាស់​ទីចេញ​ពី​ដងផ្លូវ ​ទៅ​លើ​ចិញ្ចើម​ថ្នល់វិញ ប៉ុន្តែពួកគេមិនបានធ្វើតាមនោះទេ។

គួរដឹងដែរថា ២៦ ​នាក់​ផ្សេង​ទៀត ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​ចេញតវ៉ាលើកនេះ។ ការចោទប្រកាន់របស់កញ្ញា ធុនបឺក ត្រូវបានប្រកាសឱ្យដឹងដំណាលគ្នាជាមួយនឹងព័ត៌មានដែលថាស្ថាបនិករបស់ក្រុមសកម្មជនបរិស្ថាន Just Stop Oil លោកស្រី អ៊ីនឌីហ្គោ រ៉ាំបេឡូ (Indigo Rumbelow) និងលោក រ៉ចឺ ហាឡាម (Roger Hallam) ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការចុះឆែកឆេរផ្ទះរបស់ពួកគេកាលពីពេលព្រឹក។

យោងតាមយុទ្ធនាការអាកាសធាតុដែលក្រុមសកម្មជនបានប្រកាស បានឱ្យដឹងថា ក្រុមប៉ូលិសបានសម្រុកចូលផ្ទះរបស់ពួកគេភ្លាមៗ ឆែកឆេររបស់របរ និងរឹបអូសឯកសារមួយចំនួន។ ពួកគេបានលើកឡើងថា អ្នកគាំទ្រក្រុមសកម្មជនបរិស្ថាននេះនឹងបន្តផែនការដើរក្បួនតវ៉ាជារៀងរាល់ថ្ងៃនៅទីក្រុងឡុងដ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា។

អ្នកនាំពាក្យម្នាក់បាននិយាយថា «យើងនឹងមិនមានការភិតភ័យដោយសារតែក្រុមរដ្ឋាភិបាលឧក្រិដ្ឋកម្មរបស់យើងនោះទេ»។ អ្នកនាំពាក្យរូបនេះបានបន្តថា «ពួកគេមិនត្រឹមតែគាំទ្រឧក្រិដ្ឋកម្មសង្គ្រាមនៅហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ឧក្រិដ្ឋកម្មដ៏ធំប្រឆាំងនឹងមនុស្សជាតិ នោះគឺការប្រើប្រាស់ប្រេង និងឧស្ម័នរបស់យើងទាំងអស់។ សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ មិនដែលត្រូវបានអនុម័តតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ ហើយវាកំពុងបង្កគ្រោះថ្នាក់ដល់ភពផែនដីដែលយើងកំពុងរស់នៅ»។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកតវ៉ាបានទៅប្រមូលផ្ដុំនៅមុខការិយាល័យរបស់ក្រុមហ៊ុនធានារ៉ាប់រងចំនួន ១០ កាលពីថ្ងៃពុធ ដោយទាមទារឱ្យពួកគេបញ្ឈប់ការធានារ៉ាប់រងទៅលើអណ្តូងរ៉ែ West Cumbria និងបំពង់បង្ហូរប្រេងឆៅនៅអាហ្វ្រិកខាងកើត។ បាតុករក៏​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ធនាគារ Standard Bank មុន​ពេល​ដើរ​ក្បួន​ទៅ​កាន់ទីតាំង​ផ្សេងៗទៀត។

លោក ខ្លាវ ហ្វខ្រយ (Claude Fourcroy) អ្នកនាំពាក្យរបស់ក្រុមចលនា Money Rebellion បាននិយាយថា «យើងសូមជំរុញឱ្យធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងឈប់គាំទ្រអណ្តូងរ៉ែនៅ West Cumbria និងបំពង់បង្ហូរប្រេងនៅអាហ្វ្រិកខាងកើត ព្រោះវានឹងធ្វើឱ្យការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ»៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន​៖ The Guardian

Greta Thunberg charged with public order offence after London oil protest

https://www.theguardian.com/uk-news/2023/oct/18/greta-thunberg-charged-with-public-order-offence-after-london-oil-protest

ads banner