អ្នកជំនាញ៖ ជម្លោះអ៊ីស្រាអែល-ហាម៉ាស់ អាចធ្វើឱ្យអាស៊ានរង្គោះរង្គើសាមគ្គីភាព
អន្តរជាតិ៖ អ្នកជំនាញបាននិយាយថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលកំពុងបន្តប្រយុទ្ធគ្នា អាចជះឥទ្ធិពលដល់សាមគ្គីភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ដែលជាសមាគមមានសមាជិកដែលប្រកាន់ជំហរផ្សេងៗគ្នាជុំវិញបញ្ហាសង្គ្រាមមួយនេះ។
ការលើកឡើងរបស់អ្នកជំនាញបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ទៅលើអ៊ីស្រាអែល បង្កឱ្យកើតមានជាសង្រ្គាមធ្ងន់ធ្ងរ និងមិនអាចស្វែងរកដំណោះស្រាយជាក់លាក់ណាមួយបាននៅឡើយទេ។ គេសង្កេតឃើញថា សមាជិកអាស៊ាននីមួយៗបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនអំពីបញ្ហាសង្គ្រាមមួយនេះ ។ប៉ុន្តែសេចក្ដីថ្លែងការណ៍រួមមួយនៅមិនទាន់ចេញនៅឡើយទេ។
អ្នកស្រី ចូន លីន (Joanne Lin) ដែលជាអ្នកដឹកនាំការស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាអាស៊ានបានមានប្រសាសន៍ថា «ប្រទេសសមាជិកអាស៊ាន មានមតិខុសៗគ្នាច្រើន។ការយកគំនិតទាំងនោះមករួមបញ្ចូលគ្នា វាមិនងាយស្រួលនោះទេ»។ លោកស្រីក៏បានលើកឡើងដែរថា ដោយសារប្រទេសអាស៊ានមានគោលនយោបាយការបរទេសនិងសន្តិសុខខុសៗគ្នាខ្លាំងពេក។ដូច្នេះវាពិតជាពិបាកសម្រាប់ប្រទេសសមាជិក ក្នុងការឯកភាពគ្នាលើជំហររួមមួយ។
ជាក់ស្ដែង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងព្រុយណេ ដែលភាគច្រើនមានប្រជាជនម៉ូស្លីម មិនទទួលស្គាល់ប្រទេសអ៊ីស្រាអែលជាផ្លូវការនោះទេ ហើយមិនមានទំនាក់ទំនងផ្លូវការណាមួយឡើយជាមួយប្រទេសនេះ។ បន្ថែមពីលើនេះ ប្រទេសអាស៊ានមានទស្សនៈខុសៗគ្នាអំពីស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីនទៀតផង។
អ្នកជំនាញក៏បានព្រមានផងដែរថា ឥទ្ធិពលរបស់អាស៊ានក្នុងកិច្ចការអន្តរជាតិអាចនឹងថយចុះ ដោយសារតែមិនមានជំហរឯកភាពលើជម្លោះមួយនេះ។ លោកស្រី លីន បានចង្អុលបង្ហាញថា ដើម្បីឱ្យអាស៊ានក្លាយជាសមាគមដ៏រឹងមាំ ចាំបាច់ត្រូវរក្សាការរួបរួម និងអាចជឿទុកចិត្តបាន ជាពិសេសក្នុងការប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងដូចជាស្ថានការណ៍នៅមីយ៉ាន់ម៉ា និងភាពតានតឹងក្នុងតំបន់ដូចជានៅសមុទ្រចិនខាងត្បូងជាដើម។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលសិង្ហបុរីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃចំនួនជនស៊ីវិលដែលបាត់បង់ជីវិត និងស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗនៅក្នុងតំបន់ហ្កាហ្សា។ សិង្ហបុរីបានអំពាវនាវឱ្យគ្រប់ភាគីត្រូវអនុវត្ត និងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ បន្ថែមលើនេះ ក្រសួងការបរទេសសិង្ហបុរីក៏បានប្រកាសថ្កោលទោសក្រុមហាម៉ាស់ ចំពោះការវាយលុក និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ។
ឥឡូវនេះ មេដឹកនាំអាស៊ានកំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលដ៏សំខាន់ជាមួយសមភាគីរបស់ពួកគេ គឺក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមានសមាជិកដូចជា អារ៉ាប៊ីសាអូឌីត គុយវ៉ែត អារ៉ាប់រួម កាតា បារ៉ែន និងអូម៉ង់។ អង្គការក្នុងតំបន់ទាំងពីរនេះបានចាប់ផ្ដើមមានទំនាក់ទំនងតាំងតែពីឆ្នាំ១៩៩០មកម៉្លេះ។
កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរបស់ពួកគេ។ អ្នកស្រី ហ្សារ៉ុន ស៊ា (Sharon Seah) សហការីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាអាស៊ាន បានលើកឡើងថា «នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ទំនាក់ទំនងអាស៊ាន និង GCC។ តាមពិតទៅ ពួកគេធ្លាប់បានជួបប្រជុំថ្នាក់រដ្ឋមន្ត្រីជាច្រើនដងមកហើយនៅក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ»។
វិបត្តិអ៊ីស្រាអែល-ហាម៉ាស់ ទំនងជានឹងក្លាយទៅជាប្រធានបទចម្បងនៅក្នុងកិច្ចប្រជុំនេះ។ យោងតាមការសង្កេត ការចរចាសន្តិភាពក៏ទំនងជាមិនអាចកើតឡើងនោះទេ ដោយសារតែភាគីទាំងសងខាងខ្វះការសម្រុះសម្រួលផ្នែកការទូត។ ការដែលអាចមានដំណោះស្រាយការទូតបាន គឺអាស្រ័យទៅលើរយៈពេលដែលប្រតិបត្តិការវាយបករបស់អ៊ីស្រាអែល ថាតើនឹងបញ្ចប់នៅពេលណា ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងច្បាស់នោះទេ។
ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់នេះ អាចនឹងផ្លាស់ប្តូរសណ្ដាប់ធ្នាប់នយោបាយអន្តរជាតិផងដែរ។ ជាការកត់សម្គាល់ អាមេរិកកំពុងគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំង ដែលនេះនឹងអាចបង្វែរការយកចិត្តទុកដាក់ពីបញ្ហាផ្សេងៗទៀតនៅលើពិភពលោក។ រីឯប្រទេសចិនវិញ ហាក់កំពុងរក្សាអព្យាក្រឹត មិនចង់ពាក់ព័ន្ធនឹងជម្លោះនេះ ខណៈដែលសង្គ្រាមកំពុងផ្ទុះឡើងកាន់តែខ្លាំង បង្កើនការភ័យខ្លាចដល់ប្រទេសក្នុងតំបន់ថា ជម្លោះនេះអាចនឹងកាន់តែរីកធំទៅៗ។
បណ្ឌិត សាម៉ាន (Samaan) អ្នកជំនាញមជ្ឈិមបូព៌ាបានពន្យល់ថា «ជម្លោះនៅតំបន់ហ្កាហ្សា រួមជាមួយនឹងកត្តាជាច្រើនទៀតដូចជាតួនាទីរបស់ក្រុមហេសបូឡា (Hezbollah) នៅលីបង់ វត្តមានរបស់កងកម្លាំងទ័ពជើងទឹកអាមេរិកនៅជិតអ៊ីស្រាអែល និងការពាក់ព័ន្ធរបស់អ៊ីរ៉ង់នៅក្នុងជម្លោះ សុទ្ធតែរួមចំណែកដល់ភាពតានតឹងខ្លាំងឡើងនៃសង្គ្រាម ហើយស្ថានភាពនេះកំពុងកែទម្រង់បរិបទនៅតំបន់មជ្ឈិមបូព៌ាទាំងមូល»៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia
Israel-Hamas conflict could have implications on ASEAN centrality as members adopt different stances: Experts