ឯកឧត្តម ហុក វ៉ាន់ធីណា ត្រូវបាន ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ហុក វ៉ាន់ធីណា ដែលត្រូវបានព្រះហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចពីប្រធានសាលាដំបូងខេត្តកណ្ដាល មកជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តកណ្តាលវិញ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហុក វ៉ាន់ធីណា ដែលទើបចូលកាន់មុខតំណែងថ្មីនាពេលនេះ នឹងបន្ដខិតខំអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចបានស្នាដៃធំៗបន្ដទៀត ។

ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា ប្រធានសាលាដំបូងខេត្តសៀមរាបថ្មី នឹងខិតខំជំរុញមន្រ្ដីរាជការក្រោមឱវាទឲ្យខិតខំបំពេញការងារដោយយកចិត្តទុកដាក់ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបន្ដអនុវត្តការងារស្របតាមអភិក្រមរបស់ ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញកន្លងមកក្នុងការចាត់ការសំណុំរឿងក្ដី គឺ«លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ » និងត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីបន្ដរួមចំណែកធ្វើឱ្យខេត្តសៀមរាប មានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាបន្ដបន្ទាប់ទៀតក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំជាដើម ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តសៀមរាប អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អ កន្លងមក និងស្នើឱ្យផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា វិធានការគន្លឹះទាំង ៥ នេះ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន៖ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង (ទី៣)-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ ៕

ដោយ ស៊ាន សុផាត

ads banner