ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយលើកការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ប្រមាណជិត ១០នាក់បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយពួកគាត់លើកការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ដែលមានដូចជាការសុំជួយធ្វើផ្លូវ ប្រព័ន្ធលូ ដោះស្រាយការលិចលង់ និងការសុំបង្គោលភ្លើងបំភ្លឺសាធារណៈជាដើម ។
ការស្នើនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅក្បែរស្ពានអាកាសព្រះមុនីវង្សនេះ បានលើកឡើងថា កាលពីមិនទាន់មានការដ្ឋានស្ពានអាកាសព្រះមុនីវង្សនេះ ភូមិដ្ឋានរបស់ពួកគាត់ ត្រូវបានទប់ ទំនប់ការពារតែខណៈដែល ការដ្ឋានស្ថាបនាស្ពានអាកាសព្រះមុនីវង្សនេះបានដំណើរការ ក្រុមការងាររបស់ការដ្ឋានបានកាយទំនប់ដែលទប់ទឹកនោះចេញអស់ ធ្វើឱ្យទឹកភ្លៀងហូរចូលភូមិដ្ឋានរបស់គាត់ ថែមទាំងនាំកម្ទេចថ្មរបស់ការដ្ឋាន ចូលទៅជាមួយថែមទៀត ។ ពាក់ព័ន្ធករណីនេះ ពួកគាត់ស្នើឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធជួយដោះស្រាយជូនពួកគាត់ផង ។
ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនីមួយៗដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំនិងការលើកជាសំណូមពររបស់ពួកគាត់។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។
ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់ថា ការបង្កើតអោយមានវេទិកានេះឡើង គឺក្នុងគោលបំណង សំដៅធ្វើយ៉ាងណា អោយការគ្រប់គ្រងរាជធានី កាន់តែល្អប្រសើរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ។ សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ យើងបាន
ដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋអោយបានដឹង បានឮ និងឃើញតាមរយៈរបាយការណ៍ដែលបានចែកជូន នៅក្នុងវេទិកានេះហើយ ។ ការធ្វើបែបនេះ គឺដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់របស់រាជធានីភ្នំពេញដែរនោះ បានចូលរួម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចំរើន និងស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ៕



ដោយ ហេង សម្បត្តិ+ថេត វិចិត្រ