ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង និង កំពុងទាក់ទាញយុវជនកាន់តែច្រើនចូលរួម

(ភ្នំពេញ)៖ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ដែលបានផ្តល់ឱកាសការងារដល់យុវជនជាង២ម៉ឺនកន្លែងកំពុងបានទាក់ទាញឱ្យយុវជនពីគ្រប់ទិសទីដែលកំពុងស្វែងរកការងារ និងពលរដ្ឋកម្ពុជាដែលមានបំណងចង់ស្វែងរកការងារនឹងចូលរួមច្រើនកុះករ។

គួរបញ្ជាក់ថាពិព័រណ៍ការងារលើកទី១៣ នឹងរៀបចំឡើងនៅ សាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ហើយក៏មានរៀបចំតាមប្រព័ន្ធអនឡាញផងដែរ។

ឯកឧត្តម កត្តាអ៊ន រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា៖ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ លើកទី១៣ដែលរៀបចំ រយៈពេល២ថ្ងៃពោល គឺថ្ងៃទី១០និង១១ វិច្ឆិកា គឺជាព្រឹត្តិការណ៍ដើម្បីប្រមូលផ្ដុំការជ្រើសរើសកម្លាំងពលកម្ម ហើយក៏ជាឱកាសសម្រាប់អ្នកស្វែងរកការងារធ្វើផងដែរ។ ការប្រមូលផ្តុំការងារនៅថ្ងៃនេះដែរនឹងជួយឱ្យយុវជនអាចរកការងារបានច្រើនតាមអ្វីដែលពួកគេចង់បាន។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ គោលបំណងនៃការរៀបចំពិព័រណ៍ការងារ គឺដើម្បីឱ្យនិយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម សម្រាប់ជាការទាក់ទាញអ្នកស្វែងរកការងារធ្វើ។ ចំណែក អ្នកស្វែងរកការងារធ្វើ គឺអាចចូលរួមដោយសេរី ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យត្រៀមរៀបចំ ប្រវត្តិរូប ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា( TAFTAC )បានលើកឡើងដោយបញ្ជាក់ពីសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។

លោកបន្តថា នៅក្នុងពិព័រណ៍ការងារថ្ងៃទី២ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្តោតលើប្រធានបទ “ឱកាស និងបញ្ហាប្រឈមនៃផលិតភាពការងារ”។

គួរបញ្ជាក់ថាក្រៅពី ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ ដែលរៀបចំដោយទីភ្នាក់ការងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ បានដាក់ចេញជាយន្តការចំនួន ៣ រួមមាន៖ យន្តការទី ១ ការៀបចំវេទិកាពិព័រណ៍ និងផលិតភាពជាតិ យន្តការ,ទី ២ រៀបចំវេទិកាការងារជាប្រចាំ និងយន្ដការទី ៣ គឺការរៀបចំមណ្ឌលចល័ត ចុះតាមមូលដ្ឋានគោលដៅ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ មិនបានមកចូលរួមក្នុងកម្មវិធីជាដើម៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner