រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះសំណើរបង្កើន កិច្ចសហ ប្រតិបត្តិការ និង សហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និង រុក្ខជាតិនៅកម្ពុជា របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងជំនួបនេះ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើរបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួនដែលបាន និងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជរុក្ខជាតិលម្អកេសរកូលជាដើម។
ភាគីទាំងពីរបានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ៕




ប្រភព ៖ ក្រសួងកសិកម្ម