វៀតណាម ​កាត់​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​ប្រាំមួយ​នាក់ ជុំ​វិញ​ការ​ជួញដូរ​ស្រ្តី​យក​ទៅ​លក់​ធ្វើ​ប្រពន្ធ​នៅ​ចិន​

ហាណូយ៖តុលាការ​ខេត្ត​ Bac Lieu ​នៃ​ប្រទេស​វៀតណាម​ បាន​កាត់​ទោស​​​​ស្រ្តី​៦​នាក់​ ឱ្យ​​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ចំពោះ​ការ​ជួញ​ដូរ​ ​​បោក​បញ្ឆោត​ និង​លក់​ស្ត្រី​រង​គ្រោះ​​ទៅ​ប្រទេស​ចិន​ ដើម្បី​ឱ្យ​គេ​យក​ធ្វើ​ជា​ប្រពន្ធ​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

នាង​​ Luong Thi Hai ​អាយុ ​៣១​ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ Nghe An ​​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​មេ​ខ្លោង​។​ នាង​ត្រូវ​បាន​​​កាត់​ទោស​កាល​ពី​ថ្ងៃ​អង្គារ​ ឱ្យ​ជាប់​គុក​រយៈ​ពេល​ ៣០ ឆ្នាំ​​ចំពោះ​​ ​ការ​​​ជួញ​ដូរ​​មនុស្ស​​​ ការ​​ទិញ ​និង​លក់​មនុស្ស​អាយុ​ក្រោម​ ១៦​ ឆ្នាំ​ ការ​​រៀប​ចំ​ការ​ឆ្លង​ដែន​​ខុស​ច្បាប់​សម្រាប់​អ្នក​ដទៃ​ និង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​​ជា​ដើម​។

ស្រ្តី​ប្រាំនាក់​ទៀត​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​ពី​ចន្លោះ​ ៥ ទៅ​ ២៩ ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ដូច​គ្នា​ និង​ទៅ​តាម​ស្ថានភាព​ទម្ងន់​ទោស​។

​​យោង​តាម​សាល​ក្រម​កាល​ពី​ថ្ងៃ​អង្គារ​ នាង​ ហៃ(Hai )​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​ ​ហើយ​​រៀប​ការ​ និង​តាំង​ទីលំ​នៅ​នៅ​ក្នុង​ខេត្ត​ Henan ​ភាគ​កណ្តាល​របស់​ប្រទេស​ចិន​។​ នាង​ Hai ដឹង​ថា​ មានបុរស​ជា​​ច្រើន​នៅ​ចិន​ចង់​រៀប​ការ និង​​មាន​កូន​ជាមួយ​ស្រ្តី​វៀតណាម​ ។ដូច្នេះ​នាង​ និង​ប្ដី​ ដែល​តុលាការ​មិន​បាន​កំណត់​អត្ត​សញ្ញាណ​ ក៏​បាន​​​សម្រេច​ចិត្ត​បោក​បញ្ឆោត​និង​លក់​ស្ត្រី​វៀតណាម​ឱ្យ​បុរស​ៗ ​ដែល​ត្រូវ​ការ​ទាំង​នោះ​។

​ក្នុង​ឆ្នាំ​ ២០១៩ នាង​ ​Hai ​បាន​ស្គាល់​ស្រ្តី​ជាប់​ទោសដូច​គ្នា​​ ពីរនាក់​  ​​តាម​រយៈ​ក្រុម​មួយ​ដើម្បី​ផ្គូ​ផ្គង​នារី​វៀតណាម​ជាមួយ​បុរស​បរទេស​ នៅ​លើ​បណ្តាញ​សង្គម​។​ អ្នក​ទាំង​បីបាន​ស្វែង​រក​​ស្រី​ៗ ដែល​មាន​ជីវភាព​គ្រួសារ​​​លំបាក​ និង​មាន​​ការ​អប់រំ​ទាប​នៅ​ខេត្ត​ Bac Lieu ​និង​ខេត្ត​ជិ​ត​ខាង​ ដើម្បី​បោក​ប្រាស់​ ​ហើយ​លក់​ពួក​គេ​ទៅ​ប្រទេស​ចិន​។​

​ជន​រង​គ្រោះ​ ត្រូវ​បាន​តម្រូវ​ឱ្យ​បង់​ថ្លៃ​សេវា​ចំនួន​ ៤០ លាន​ដុង​ ( ១ ៦៣០ ដុល្លារ​អាមេរិក​) ​​ក្នុង​ម្នាក់​ៗ ជា​ថ្នូរ​នឹង​ការ​​សន្យា​ថា​ ពួក​គេ​នឹង​មាន​អនាគត​​ប្រកប​ដោយ​ស្ថិរភាព​នៅ​ចិន​ ​ហើយ​​គ្រួសារ​របស់​ពួក​គេ​នៅ​វៀតណាម​ នឹង​ទទួល​បាន​ប្រាក់​កាស​មួយ​ចំនួន​។​

​​ក្រុម​របស់​នាង​ ​Hai ​នាំ​​ក្រុម​ស្រ្តី​រង​គ្រោះ​ដែល​ខ្លួន​ទាក់​ទង​បាន​ ទៅ​ក្រុង​ហាណូយ​ មុន​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ ។បន្ទាប់​មក​ នាំជ​ន​រង​គ្រោះ​ទៅ​កាន់​​​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ខេត្ត​ Henan ​ប្រទេស​ចិន​ ​ដោយ​ចាំ​លក់​​ស្រ្តី​ៗ​រង​គ្រោះទាំង​នោះ​ទៅ​​បុរស​ជន​ជាតិ​ចិន​​​យក​ទៅ​​ធ្វើ​ជា​ប្រពន្ធ​។ ​អ្នក​​ណា​​ហ៊ាន​​តតាំង​ ​នឹង​​ត្រូវ​​គេ​​វាយ​​ដំ​ និង​​គំរាម​​លក់​​ទៅ​​ឲ្យ​​ផ្ទះ​បន​។​

​អាស្រ័យ​លើ​អាយុ ​និង​រូប​រាង​របស់​ស្ត្រី​រង​គ្រោះ​ បុរស​ជន​ជាតិ​ចិន​​បង់​ប្រាក់​ឱ្យ​នាង​ Hai ​និង​ប្តី​ ចន្លោះ​ពី​ ២០០ ទៅ​ ៤០០ លាន​ដុង​។ ​​​យោង​ទៅ​តាម​ការ​ចោទ​ប្រកាន់​ ស្ត្រី​មួយ​ចំនួន​ត្រូវ​បាន​គេ​ធ្វើ​ទារុណ​កម្ម​ បន្ទាប់​ពី​រៀបការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​ ដូច្នេះ​ពួក​គេ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​នាង​ Hai ​បាន​សម្រេច​ថា ​អ្នក​ណា​ម្នាក់​ដែល​ចង់​ចាក​ចេញ​ពី​ប្រទេស​ចិន​ ត្រូវ​តែ​សង​ប្រាក់​ទាំង​អស់​ដែល​​គ្រួសារ​របស់​ពួក​គេ​ទទួល​បាន​ រួម​ជាមួយ​នឹង​ប្រាក់​បន្ថែម​ផ្សេង​ទៀត​។

​ក្នុង​​ករ​ណី​​ជា​​ច្រើន​ ស្ត្រី​រង​គ្រោះ​​​ខ្លះ​​បាន​​រត់​​គេច​​ខ្លួន​ ប៉ុន្តែ​​ត្រូវ​​បាន​​ក្រុម​​របស់​នាង​ Hai ​ចាប់​​បា​ន​។​

​​ប៉ូលិស​វៀតណាម​បាន​និយាយ​ថា​ ចន្លោះ​ឆ្នាំ​ ២០១៩​ ​ដល់​ឆ្នាំ​ ២០២២​ ​គូរកន​របស់​នាង​ Hai ​បាន​បោក​បញ្ឆោត​ និង​លក់​ស្ត្រី​ចំនួន​ ១១ នាក់​ទៅ​កាន់​ប្រទេស​ចិន​ ​រួម​ទាំង​ក្មេង​ស្រី​អាយុ​ក្រោម​ ១៦​ ឆ្នាំ​ម្នាក់​ ហើយ​ទទួល​បាន​ប្រាក់​ចំនួន​ មួយប៊ីលាន​ដុង​។  ​

​​យោង​តាម​កាសែត​របស់​ប៉ូលិស​ក្រុង​ហូជីមិញ​ ​ករណី​នេះ​បាន​​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០២២ ​​នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​ក្នុង​ចំនោម​ស្ត្រី​រង​គ្រោះ​ បាន​ព្យាយាម​សម្លាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ បន្ទាប់​ពី​ការ​ប៉ុន​ប៉ង​រត់​គេច​ខ្លួន​មិន​បាន​សម្រេច​ជា​ច្រើន​ដង​ ដូច្នេះ​ហើយ​ក្រុម​គ្រួសារ​​ប្តី​របស់​នាង​ បាន​សម្រេច​ចិត្ត​នាំ​នាង​ទៅ​ប៉ូលិស​។​ ស្រ្តី​រូប​នោះ​ ​​​ត្រូវ​​បាន​​និរទេស​មក​​​ប្រទេស​​វៀតណាម​​វិញ​ ហើយ​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​ប្រឆាំង​នឹង​នាង​ Hai ​និង​​បក្ខ​ពួក​៕  ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព​៖ Six jailed for selling women to China as wives

ads banner