រិទ្ធី ម៉ាណូយ លើកឡើងថា ប្រឡូកក្នុងគុនខ្មែរជាង ៧ឆ្នាំនេះខ្ញុំមិនសូវល្បី ប៉ុន្តែប្រដាល់បានជួយកែប្រែជីវភាពធូធាច្រើន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ រិទ្ធី ម៉ាណូយ អតីតកម្មករលីឈើ បាននិយាយថា ចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាង៧ឆ្នាំកន្លងនេះ ទោះបីពុំទាន់សាងភាពល្បីល្បាញខ្ទរខ្ទាកេរ្តិ៍ឈ្មោះដូចអ្នកប្រដាល់ជួមុខយ៉ាងណាក្តី ប៉ុន្តែប្រដាល់គុនខ្មែរបានជួយកែប្រែជីវភាពឲ្យរូបគាត់បានធូធាច្រើន ជាងកាលជាកសិករនិងជាកម្មករលីឈើដាក់ឡាននៅឯស្រុកកំណើត ស្ថិតនៅឃុំ ទ្រនួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

រិទ្ធី ម៉ាណូយ ថា ការចូលប្រឡុកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាង៧ឆ្នាំកន្លងមកនេះ រូបគាត់បានប្រឹងប្របែងហ្វឹកហាត់ខ្លាំងណាស់ដើម្បីឲ្យសមត្ថភាពរីកចំរើនដូចអ្នកប្រដាល់ជួមុខផ្សេងៗ ប៉ុន្តែកក្តាសុខភាពពេលខ្លះមិនអំណោយផលឡើយ ពោលពេលខ្លះគាត់ប្រឹងហាត់និងប្រកួតច្រើនពេកក្អួតមកចេញឈាមថែមទៀតផង ធ្វើឲ្យទម្រង់វាយរបស់គាត់ធ្លាក់ចុះដោយសារតែសុខភាព។

រិទ្ធី ម៉ាណូយថា ក្រោយខ្លូនចាកចេញពីក្លិបចាស់ពុទ្ធសិរីវង្សមកកាន់ក្លិបថ្មីHAHA SUPER FIGHTដែលកំពុងស្នាក់នៅហ្វឹកហាត់សព្វថ្ងៃនេះ គាត់អះអាងថា បានប្រឹងប្រែងថែរក្សាសុខភាព និងបានប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំងធ្វើឲ្យទម្រង់វាយបានកែប្រែមកជាល្អឡើងវិញនាំមកនូវជ័យជំនះជូនក្លិបជាបន្តបន្ទាប់។ ហើយសម្រាប់គោលដៅទៅមុខទៀត នឹងខិតខំបង្កើនសមត្ថភាពឈោងចាប់យកឱកាសវាយគូលំដាប់អន្តរជាតិជាប់លាប់ ខណៈពេលបច្ចុប្បន្នវាយគូខ្មែរប៉ះខ្មែរច្រើនជាងវាយគូអន្តរជាតិ ដោយសារតែសមត្ថភាពនៅមានកម្រិតនូវឡើយ។

រិទ្ធី ម៉ាណូយ មានឈ្មោះដើមពិតប្រកដហៅថា យ៉េន សុខវី មានស្រុក កំណើត នៅឃុំ ទ្រនួង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ គាត់ជាកូនទី៤ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់ មុនចូលក្នុងអាជីពប្រដាល់គុនខ្មែរ គាត់ជាសិស្សនិងជួយការងារឱពុកម្តាយធ្វើស្រែចំការ និងបានទៅធ្វើជាកម្មករលីឈើ ដោយទទួលបានប្រាក់កម្រៃ ៦ម៉ឺនរៀលក្នុងមួយជើងអាចប្រើពេល១ថ្ងៃឬ២ថ្ងៃក៏មាន។ មូលហេតុដែលគាត់សម្រេចចិត្តមកចូលក្នុងគុនខ្មែរវិញ ដោយសារតែការស្រលាញ់ មិនចង់ចំណាយពេលមិនច្បាស់លាស់ជាមួយនិងជីវភាពជាកម្មករលីឈើអុសនៅស្រុកកំណើត។

ចាប់តាំងពីគាត់ចូលប្រឡុកក្នុងវិស័យប្រដាល់មករយៈពេលជាង៧ឆ្នាំកន្លងមកនេះ ថ្វីត្បិតរូបគាត់មិនសូវមានឈ្មោះបោះសំលេងក្នុងគុនខ្មែរ ប៉ុន្តែជីវភាពមានការធូធាច្រើន ដែលបច្ចុប្បន្នគាត់ទទួលបានការឧបត្ថម្ភពីក្លិបចំនួន៣០០ដុល្លារក្នុង១ខែ និងទទួលបានតម្លៃខ្លួនក្នុងមួយប្រកួត៣០០ទៅ៣៥០ដុល្លារ៕

រូបភាព ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner