ក្រសួងសង្គមកិច្ច កំពុងជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនៅទូទាំងប្រទេស ដើម្បីទទួលបានសេវាសង្គមឥតគិតថ្លៃ
ភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពឱ្យទទួលបានសេវាសង្គមនានាដោយឥតគិតថ្លៃ ។ក្រសួង បានចុះជំរុញការងារនេះក្នុងខេត្តចំនួនបីហើយ។
ក្រសួងសង្គមកិច្ច បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ ខែតុលាថា នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច បានដឹកនាំក្រុមការងារថ្នាក់ជាតិអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដោយបានសហការជាមួយមន្ទីរសង្គមកិច្ចខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ តាមរយៈការសហការនេះ គ្រប់ភាគីដែលចូលរួមខាងលើ បានចុះជំរុញការងារអត្តសញ្ញាណកម្មពិការភាព ក្នុងគោលបំណងជួយសម្របសម្រួលបច្ចេកទេស និងពង្រឹងគុណភាពដល់គ្រូបង្គោលថ្នាក់រាជធានីខេត្ត និងជនបង្គោល ឃុំ/សង្កាត់ ក្នុងការចុះកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់ជនមានពិការភាពនៅតាមបណ្តាឃុំ/សង្កាត់នានា។
ក្រសួងសង្គមកិច្ចបញ្ជាក់ថា៖ «ការកំណត់អត្តសញ្ញាណកម្មពិការភាព នឹងជួយឱ្យប្រទេសកម្ពុជាមានប្រព័ន្ធទិន្នន័យជនមានពិការភាពដែលមានលក្ខណៈស្តង់ដារួមមួយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពឱ្យទទួលបានការលើកកម្ពស់សេវាគាំពារ ការអភិវឌ្ឍដល់ជនមានពិការភាព និងសេវាសង្គមនានាប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងការចូលរួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល»។
ក្រសួងបន្ថែមថា ក្រៅពីនេះ ការកំណត់អត្តសញ្ញាណកម្មនេះ វាក៏បានផ្តល់អត្ថប្រយោជន៍សម្រាប់ជនមានពិការភាពតាមរយៈប័ណ្ណសម្គាល់ស្ដីពីពិការភាពរបស់ពួកគាត់ផងដែរ។
លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានឱ្យដឹងកន្លងមកថា ការអនុវត្តការងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ បានជួបឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនខ្លះដែរដូចជា ការយល់ដឹងប្រភេទពិការភាពរបស់មន្ត្រីទទួលបន្ទុកកម្មវិធីនៅតាមឃុំ/សង្កាត់ គ្រួសារ និងសហគមន៍ នៅមានកម្រិត។លោកបន្ថែមថា ក្រៅពីនេះ ការផ្សព្វផ្សាយស្តីពីការធ្វើអត្តសញ្ញាណកម្មពិការភាពដល់ប្រជាពលរដ្ឋទូទៅក៏នៅតែមិនទាន់មានភាពទូលំទូលាយផងដែរ។
លោក សាន់ រតនា ថ្លែងថា៖ «ដូច្នេះការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព គឺមានសារៈសំខាន់ណាស់ ចំពោះជនមានពិការភាព ព្រោះវាជាប័ណ្ណសម្ភាល់ខ្លួនសម្រាប់ជនមានពិការភាព ក្នុងស្វែងរកសេវាគាំពារផ្សេងៗពីវិស័យរដ្ឋ និងវិស័យឯកជន»។
ដោយឡែក លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា ការងារកំណត់អត្តសញ្ញាណកម្មជនមានពិការភាព គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីកញ្ចប់ជំនួយសង្គម សេវាសុខភាព សេវាអប់រំ សេដ្ឋកិច្ច មុខរបរ ការងារ ការធ្វើដំណើរ និងកិច្ចអន្តរាគមន៍នានាជាច្រើនទៀតដោយមិនគិតថ្លៃផងដែរ។ លោកស្រីបន្តថា កន្លងមកឃើញថា ការងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ ត្រូវបានក្រសួងផ្សព្វផ្សាយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីឱ្យជនមានពិការភាពទៅចុះអត្តសញ្ញាណនៅតាមឃុំ/សង្កាត់។
លោកស្រីបញ្ជាក់ថា៖ «ការងារកំណត់អត្តសញ្ញាណកម្មនេះ មានបញ្ហាប្រឈមខ្លះដែរ ដោយសារក្រុមគ្រួសាររបស់ជនពិការភាពនៅខេត្ត ច្រើនតែយល់ថាជនមានពិការភាពមិនចាំបាច់មានការគាំទ្រអីផ្សេងៗនោះទេ ព្រោះគាត់នៅតែក្នុងផ្ទះហ្នឹង អញ្ចឹងគាត់អត់ដឹងពីអត្ថប្រយោជន៍នៃការកំណត់អត្តសញ្ញាណកម្មហ្នឹងទេ»។ លោកស្រីបន្ថែមថា បច្ចុប្បន្នទោះបីជាការងារនេះមានឧបសគ្គ ប៉ុន្តែថ្ងៃក្រោយនៅពេលជនមានពិការភាពទទួលបានប័ណ្ណនេះហើយ ជនមានពិការភាព អាចនឹងយកប័ណ្ណនេះទៅប្រើប្រាស់ ដើម្បីឆ្លើយតបនូវអ្វីដែលក្រសួងបានផ្ដល់ជូនពួកគាត់។
យោងតាមលោក សាន់ រតនា ការងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ បានចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២០ រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២២ បានធ្វើអត្តសញ្ញាណកម្មជនមានពិការភាពបានចំនួនសរុប ២៥៦.៦៥៦នាក់ ក្នុងនោះស្រីចំនួន ១២១.១៩៥នាក់ និងប្រុសចំនួន ១៣៥.៤៦១នាក់៕
ដោយ៖ ជា សុខនី


