អ្នកត្រួតពិនិត្យរបស់ អ.ស.ប ធ្វើតេស្តត្រីសមុទ្រពីក្បែររោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីមើលពីកម្រិតសុវត្ថិភាព
តូក្យូ៖អ្នកត្រួតពិនិត្យអង្គការសហប្រជាជាតិ(អ.ស.ប) បានធ្វើតេស្តទៅលើគំរូត្រីដែលយកពីទីផ្សារក្បែររោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ានៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីជប៉ុនចាប់ផ្ដើមបញ្ចេញកាកសំណល់ទឹកចូលទៅក្នុងសមុទ្រចេញពីរោងចក្រនេះកាលពីខែសីហា ដែលបង្កជាការព្រួយបារម្ភពីសុវត្ថិភាពអាហារសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការធ្វើតេស្តដើម្បីរកមើលពីកម្រិតសុវត្ថិភាពនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន និងរុស្ស៊ី បានហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ចាប់តាំងពីការបង្ហូរកាកសំណល់ទឹកបានចាប់ផ្តើម ទោះបីជារដ្ឋាភិបាលក្រុងតូក្យូប្រកែកថា អាហារសមុទ្ររបស់ខ្លួនមានសុវត្ថិភាព ដោយមានការឯកភាពពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។
ជប៉ុនកន្លងមក បាននិយាយថា កាកសំណល់ទឹកនៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយសារតែរលកយក្សស៊ូណាមិឆ្នាំ ២០១១ ត្រូវបានចម្រាញ់យកសារធាតុវិទ្យុសកម្មចេញ ប៉ុន្តែវាតែបន្សល់ជាតិវិទ្យុសកម្ម ទ្រីទីយ៉ូម (Tritium)។ ជប៉ុននិយាយថា ទ្រីទីយ៉ូមដែលមានក្នុងកាកសំណល់ទឹកនោះ ស្ថិតក្នុងកម្រិតមួយដែលមានសុវត្ថិភាព។
ក្រុម IAEA រួមមានអ្នកវិទ្យាសាស្ត្រមកពីប្រទេសចិន កូរ៉េខាងត្បូង និងកាណាដា កំពុងប្រមូលសំណាកត្រី ទឹក និងដីល្បាប់នៅសប្តាហ៍នេះ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់ជប៉ុន។
លោក Paul McGinnity សមាជិកនៃបេសកកម្មបានប្រាប់អ្នកយកព័ត៌មានថា គោលបំណងដែលក្រុមអ្នកត្រួតពិនិត្យធ្វើតេស្ត គឺដើម្បីបញ្ជាក់ថា មន្ទីរពិសោធន៍ជប៉ុនបានវាស់ និងវិភាគបានត្រឹមត្រូវលើកម្រិតទ្រីទីយ៉ូម។
លោក McGinnity បាននិយាយថា ទ្រីទីយ៉ូម គឺជាក្តីបារម្ភ ព្រោះកម្រិតទ្រីទីយ៉ូមខ្ពស់មិនអាចចម្រាញ់យកចេញតាមដំណើរការចម្រាញ់នោះទេ។ លោកបន្តថា៖ «ខ្ញុំអាចនិយាយបានថា យើងមិនរំពឹងថា នឹងឃើញការផ្លាស់ប្តូរណាមួយទេលើកម្រិតទ្រីទីយ៉ូមពិតប្រាកដនៅក្នុងត្រីនោះទេ។ តែយើងរំពឹងថា នឹងឃើញការកើនឡើងតិចតួចនៃកម្រិតទ្រីទីយ៉ូម ក្នុងសំណាកទឹកសមុទ្រនៅជិតចំណុចបញ្ចេញ»។
បើតាមការចុះផ្សាយរបស់ AFP គំរូធ្វើតេសត្តនឹងត្រូវបញ្ជូនត្រឡប់ទៅមន្ទីរពិសោធន៍នៅក្នុងប្រទេសកំណើតរបស់សមាជិកក្រុម សម្រាប់ការពិនិត្យឯករាជ្យ ហើយ IAEA នឹងវាយតម្លៃ និងផ្សព្វផ្សាយលទ្ធផលទាំងនោះ៕
ប្រែសម្រួល៖ ហួន ឌីណា