ជប៉ុន និងអូស្រ្តាលី ព្រមព្រៀងធ្វើសមយុទ្ធយោធារួមគ្នាបន្ថែមទៀត

តូក្យូ៖ ជប៉ុន និងអូស្រ្តាលីបានព្រមព្រៀងក្នុងការលើកកម្ពស់ទំនាក់ទំនងការពារជាតិបន្ថែមទៀត រួមទាំងការធ្វើសមយុទ្ធយោធារួមគ្នា ស្ថិតក្រោមកិច្ចព្រមព្រៀងសន្តិសុខ ដែលបានចូលជាធរមានកាលពី ២ខែមុន ចំពេលមានការព្រួយបារម្ភ អំពីការបង្កើនឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា និងសមភាគីអូស្ត្រាលី លោក រីឆាដ ម៉ាឡេស ក៏បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងតូក្យូ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធាត្រីភាគីជាមួយសហរដ្ឋអាមេរិកផងដែរ។

លោក ម៉ាឡេស បានប្រាប់លោក គីហារ៉ា ក្នុងអំឡុងពេលកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ គឺជាចំណុចសំខាន់សម្រាប់ការរីកចម្រើននៃទំនាក់ទំនងរបស់យើង។ ឈរលើទស្សនៈរបស់អូស្ត្រាលី ប្រទេសទាំងពីរនឹងមើលឃើញសន្តិសុខនាពេលអនាគត ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។

បន្ថែមលើនេះ ប្រមុខការពារជាតិទាំងពីរបានគូសបញ្ជាក់ទៀតថា ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការធ្វើសមយុទ្ធរួម ក៏ដូចជាការបង្កើនអន្តរប្រតិបត្តិការ គឺជាជំហានដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងការពារជាតិទ្វេភាគីរបស់ប្រទេសទាំងពីរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner