លោកជំទាវ វង់ មយូរា ៖ ការផ្សព្វផ្សាយអំពីបញ្ហាសុខភាព ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការក្រសួងអធិការកិច្ច

(ភ្នំពេញ)៖ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយអំពីបញ្ហាសុខភាព ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការក្រសួងអធិការកិច្ច ហើយធ្វើឱ្យយើងទទួលបាននូវចំណេះដឹងក្នុងការថែរក្សាការពារសុខភាព តាមរយៈការត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីឱ្យក្រុមគ្រួសារយើងមានសេចក្តីសុខ សុភមង្គល ។

នេះជាប្រសាសន៍លើកឡើងក្នុងឱកាសលោកជំទាវ អញ្ជើញជាអធិបតីក្នុងវេទិកាសុខភាព ស្តីពី «ជំងឺឆ្លង ជំងឺមិនឆ្លង និងជំងឺតំណពូជ» ដែលរៀបចំដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងអធិការកិច្ច សហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ជាមួយគ្នានេះ លោកជំទាវ វង់ មយូរា ក៏បានលើកឡើងអំពីគ្រោះថ្នាក់ដែលកើតឡើងពីការធ្វេសប្រហែស ឬមិនបានជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេស ដើម្បីតាមសុខភាពរបស់យើងម្នាក់ៗជាប្រចាំ ។ ប្រសិនបើយើងតាមដានសុខភាពបានជាប្រចាំ នោះយើងនឹងអាចកាត់បន្ថយបាននូវការចំណាយ និងការចំណាយពេលវេលាផងដែរ ដែលកត្តាទាំងនេះវាបានជះឥទ្ធិពលដល់ ធនធានមនុស្ស សង្គម សេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃ ។

លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា មិនតែប៉ុណ្ណោះ វេទិកានៅថ្ងៃនេះ សំដៅផ្សព្វផ្សាយពីកក្តាហានិភ័យទាំងឡាយ ដែលយើងទាំងអស់គ្នាមិនទាន់បានច្បាស់លាស់ និងអាចទទួលបាននូវយកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីថែរក្សាការពារសុខភាពរបស់យើងផ្ទាល់ ព្រមទាំងមនុស្សជាទីស្រឡាញ់របស់យើងផងដែរ ។

ក្នុងវេទិកាសុខភាព ស្តីពី « ជំងឺឆ្លង ជំងឺមិនឆ្លង និងជំងឺតំណពូជ » ក្រុមវេជ្ជបណ្ឌិតជំនាញ និងឯកទេសជាច្រើននាក់ នៃមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើបទបង្ហាញផ្សេងៗអំពីផលប៉ះពាល់នៃការពិសារគ្រឿងស្រវឹង ការជក់បារី និងកត្តាដែលនាំកើតបញ្ហាជំងឺក្រពះ ពោះវៀន ថ្លើម សរសៃឈាម បេះដូង ជំងឺទឹកនោមផ្អែម ការសង្គ្រោះទូទៅ និងជំងឺទូទៅផ្សេងៗទៀត ។

គួររំលឹកផងដែរថា ក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនដល់មន្ត្រីរាជការក្រសួង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ផងដែរថា វេទិកាសុខភាព ស្តីពី « ជំងឺឆ្លង ជំងឺមិនឆ្លង និងជំងឺតំណពូជ » ដែលរៀបចំដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងអធិការកិច្ច សហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា មានអ្នកចូលរួមសរុប ២៧៥នាក់ នារី ៨៥នាក់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner