ការសាងសង់ស្ពានកោះពេជ្រ-កោះនរា អាចបញ្ចប់ទាំងស្រុង នៅចុងខែតុលានេះ ខណៈរាជរដ្ឋាភិបាល សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នហើយ
(ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ពាន កោះពេជ្រ-កោះនរា អាចបញ្ចប់ទាំងស្រុង នៅចុងតុលា ឆ្នាំ២០២៣នេះ ខណៈដែលនៅព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់ស្ពាន កោះពេជ្រ-កោះនរា នេះ ជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការដាក់ឱ្យប្រើប្រាស់ស្ពានជាសមិទ្ធផលថ្មីដ៏មានគុណតម្លៃ នៅរាជធានីភ្នំពេញនេះ ចំថ្ងៃខួបកំណើតរបស់សម្តេចធិបតី ដែលជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ការបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ-កោះនរានេះ អនុញ្ញាតឱ្យធ្វើចរាចរណ៍ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើដំណើរទាំងទ្វេទិស តែប៉ុណ្ណោះ ។

សូមជម្រាបថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចការសាងសង់បានជិត ១០០% ហើយ នៅសល់តែការគំនូសចរាចរណ៍ និងការសម្អាតស្ពាន ។
ស្ពាននេះចំណាយការសាងសង់ ៣៨លានដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ មានបណ្តោយស្ពាន ៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ កន្លងមក បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាលបន្តិចប៉ុណ្ណោះ ។

គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រប្រវែង ២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែង ៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និង ២មក ដែល ១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និង ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង ។
ស្ពាននេះតម្រូវឱ្យបើកបរ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង ជម្រាលទទឹងស្ពាន ២% សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាសសសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២ មានជម្រៅ៧៣,៤០ម៉ែត្រ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាង កោះនរាមានសសរចំនួន ៣ ។

កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន ១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២ មម សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ ៕




អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត