ក្រុមហ៊ុនហង្សម្ចាស់ដី នឹងធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារនាំចេញ និងផ្គត់ផ្គង់គ្រញូង ទ្រង់ទ្រាយធំមួយ នៅ១៥ឆ្នាំក្រោយ
ភ្នំពេញ៖ យោងតាមការប្រកាសក្នុងសិន្និសីទកាសែតរបស់ក្រុមហ៊ុនហង្សម្ចាស់ដី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអះអាងថាក្រុមហ៊ុនយក្សផ្នែកកសិកម្មមួយនេះ កំពុងបណ្ដុះពូជ និងចុះដាំកូនគ្រញូងជាចម្ការធំៗនៅខេត្តកំពតជាច្រើនរយហិកតា។ ក្រុមហ៊ុននេះបានទាំងប្រកាសថា នឹងធ្វើឲ្យកម្ពុជា ក្លាយជាទីផ្សារនាំចេញ និងផ្គត់ផ្គង់គ្រញូងទ្រង់ទ្រាយធំមួយ នៅ១៥ឆ្នាំក្រោយនោះផងដែរ។
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានថ្លែងក្នុងសន្និសីទថា ចាប់ពីរដូវធ្លាក់ភ្លៀងនេះតទៅ ក្រុមហ៊ុនហង្សម្ចាស់ដី នឹងឈូសឆាយដីចម្ការដែលខ្លួនទិញបានពីពលរដ្ឋប្រមាណជាង១០០គ្រួសារនៅស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ឲ្យក្លាយជាចម្ការគ្រញូងទ្រង់ទ្រាយធំ បន្ថែមពីលើចម្ការដូងក្រអូប និងចម្ការទុរេន ដែលខ្លួនបានកំពុងពន្លឿនការឈូសឆាយ និងដាំដុះ បានជាច្រើនហិកតាហើយនោះ។
គ្រញូងដែលត្រូវបានក្រុមហ៊ុនចុះដាំនេះ ទី១ដាំជារបងជុំវិញផ្ទៃដីចម្ការដូងក្រអូប ចម្ការមាន និងចម្ការផ្សេងៗ របស់អតិថិជន ដើម្បីជាកាដូចែលជូនដល់ម្ចាស់ចម្ការទាំងនោះទុកជាទ្រព្យតកូនចៅនៅ១៥ឆ្នាំក្រោយ និងទី២ គឺដាំនៅលើផ្ទៃដីដែលបានគ្រោងទុក ដើម្បីបង្កើតជាចម្ការគ្រញូងជាហិកតាៗតែម្ដង ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានគ្រញូងស្របច្បាប់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុង និងក្រៅស្រុក នៅ១៥ឆ្នាំក្រោយ ដោយនឹងធ្វើឲ្យរដ្ឋមានចំណូលពន្ធផង ពីការនាំចេញ។
ចម្ការគ្រញូងនេះ ក្រុមហ៊ុនដាំដុះជាទំហំកន្លះហិកតា និងមួយហិកតា ដោយប្រកាសលក់ពីតម្លៃ២៥០០០ រហូតដល់៥ម៉ឺនដុល្លារ ក្នុងមួយហិកតា ខណៈដែលក្រុមហ៊ុនក្រៅពីផ្ដល់ឱកាសឲ្យអតិថិជនបង់រំលោះរហូតដល់១៥ឆ្នាំ ក៏មានកុងត្រាធានាថែទាំគ្រញូងឲ្យដល់១៥ឆ្នាំ និងធានាទិញវិញក្នុងតម្លៃមួយហិកតាយ៉ាងតិច៣០ម៉ឹនដុល្លារផងដែរ ប្រសិនបើម្ចាស់ចម្ការចង់លក់គ្រញូងដោយផ្ទាល់ឲ្យក្រុមហ៊ុន។ លោកថាចម្ការគ្រញូង នឹងត្រូវបានដាំតែនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ សៀមរាប និងព្រះវិហារប៉ុណ្ណោះ ប៉ុន្តែគម្រោងឈូសឆាយ និងដាំដុះ នឹងធ្វើលើខេត្តពោធិ៍សាត់មុន ហើយកត់សម្គាល់ឃើញថា មានអតិថិជនចាប់អារម្មណ៍កក់ទិញច្រើន ព្រោះគឺជាកំណប់ទ្រព្យនៅរង្វង់១៥ឆ្នាំក្រោយ។
លោកហុំ ហាក់ ប្រធានគ្រប់គ្រងគម្រោងផ្នែកលក់ បានអះអាងថា គម្រោងដាំដុះចម្ការជាចម្ការគ្រញូង មិនត្រឹមតែធ្វើឲ្យក្រុមផ្នែកលក់របស់ពួកលោក ដែលមានឈ្មោះ ក្រុម Eco Hero ទទួលបានជោគជ័យខ្ពស់ ក្នុងការទាក់ទាញទីផ្សារនោះទេ ប៉ុន្តែក៏នឹងជួយឲ្យប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លី ក្លាយជាប្រទេសដែលមានចម្ការគ្រញូងស្របច្បាប់ជាទ្រង់ទ្រាយធំ ដូចគ្នានឹងនៅវៀតណាម និងប្រទសមួយចំនួនផងដែរ។
លោក អាន យ៉េន តំណាងសួនបណ្ដុះកូនឈើ Life Gro. បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនហង្សម្ចាស់ដី បានកុម្ម៉ង់កូនគ្រញូងរបស់លោកក្នុងប៉ុន្មានសប្ដាហ៍មិនក្រោមជាង២ម៉ឺនដើមនោះទេ ខណៈដែលលោកត្រូវកុងត្រាបណ្ដុះកូនផ្ដល់គ្រញូងឲ្យក្រុមហ៊ុន ឲ្យបានជាង១លានដើម សម្រាប់គម្រោងដំបូងនៅខេត្តពោធិ៍សាត់។
លោកថា ពូជគ្រញូងដែលលោកយកមកបណ្ដុះគ្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនហង្សម្ចាស់ដីនេះ គឺជាពូជគ្រញូងហៃណាន ដែលយកគ្រាប់មកពីចិន និងជាប្រភេទគ្រញូងដែលមានខ្លឹម និងមុខកាត់យ៉ាងហោង៣តឹកកន្លះនៅ១៥ឆ្នាំក្រោយ។ ពូជនេះមួយដើមត្រូវបានឈ្មួញទិញយ៉ាងហោច១ពាន់ដុល្លារ ទើបលោកយល់ថាក្នុងមួយហិកតា ដែលក្រុមហ៊ុនដាំតាមបច្ចេកទេស១៦០០ដើម គឺនឹងក្លាយជាកំណប់ទ្រព្យដ៏ធំសម្រាប់អតិថិជនម្នាក់ៗនៅ១៥ឆ្នាំក្រោយ៕ធ.ដ