បន្លំលួចម៉ូទ័រកន្លែងលក់សម្ភារគ្រឿងសំណង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បន្លំលួចយកម៉ូទ័រ (ស្វាន) ត្រូវម្ចាស់ឃើញទាន់ ក៏ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី២ យកទៅសួរនាំ កាលពីម៉ោង៣និង០០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវ៣៧១ កែងផ្លូវ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  ។ ជនសង្ស័យឈ្មោះ សុខ ប៊ុនខឿន អាយុ៣៧ឆ្នាំ មុខរបរ អ្នករត់តុការ ស្នាក់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ ចំណែកម្ចាស់លក់គ្រឿងសំណង់ឈ្មោះ មាង បញ្ញា អាយុ២៨ ឆ្នាំមុខរបរ លក់សម្ភារគ្រឿងសំណង់ ស្នាក់នៅភូមិឬស្សី២ សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ។

តាមសម្ដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម មកដល់តូបលក់របស់ខ្លួន ហើយចតម៉ូតូនៅមុខតូប រួចដើរទៅសួរកន្លែងចម្លងសោ។ តែខ្លួនបានប្រាប់ជនសង្ស័យថា អ្នកធ្វើសោមិននៅទេ បន្ទាប់មកជន សង្ស័យបានដើរទៅរកម៉ូតូវិញ ក៏បន្លំលួចយកម៉ូទ័រដាក់លើម៉ូតូរួចជិះគេចខ្លួន ប៉ុន្ដែឃើញទាន់ក៏ស្ទុះទៅឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចសួរនាំតែម្ដង។

ជនសង្ស័យបានឆ្លើយប្រាប់ទៅសមត្ថកិច្ចបានឲ្យដឹងថា ខ្លួនមិនបានលួចម៉ូទ័រទេ ហើយខ្លួនបានស្រែកប្រាប់ម្ចាស់អ្នកលក់ថា ខ្ចីម៉ូទ័រទៅសាកនៅផ្ទះសិនចាំទិញ ប៉ុន្ដែម្ចាស់របស់បានឆ្លើយថា ខ្លួនមិនបានស្គាល់គ្នាជាមួយជនសង្ស័យទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំយកទៅសាកសួរនៅប៉ុស្ដិ៍ ទើបដឹងថា ជាករណីយល់ច្រឡំទេ សមត្ថកិច្ចក៏ឲ្យជនសង្ស័យ និងជនរងគ្រោះ សម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner