រដ្ឋមន្ត្រីមុខងារសាធារណៈ បញ្ជាក់ជូនឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា អំពី កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិ ទី៧

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានបញ្ជាក់ជូនឯកឧត្តម Martin Vavra ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ។

ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ បទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈ ក្នុង ប្រទេសរៀងៗខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការបន្តពិភាក្សា និងពិនិត្យ លទ្ធភាពគិតគូរលើកិច្ចសហប្រតិបត្តិការណាមួយក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានយកឱកាសនេះ រៀបរាប់ពីសាវតា នៃកិច្ចការកែទម្រង់ រដ្ឋបាលសាធារណៈពីមួយដំណាក់កាល ទៅ មួយដំណាក់កាល និងបញ្ជាក់ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត នូវ បេសកកម្មចម្បងរបស់ក្រសួងមុខងារសាធារណៈ ក្នុងអាណត្តិទី៧ ជាពិសេស ក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យ របស់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី លើកិច្ចការងារកំណែទម្រង់ រដ្ឋបាល សាធារណៈ ។

ក្រៅពីនោះ កិច្ចពិភាក្សា ក៏បានផ្តោតបន្ថែមលើការស្វែងយល់ពី ប្រធានបទ និងឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងស្ថានទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner