ថ្នាក់ដឹកនាំមូលនិធិសូឌី សម្រាប់ ការអភិវឌ្ឍអារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការគាំទ្រគម្រោងនៃការ ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា
ភ្នំពេញ៖ថ្នាក់ដឹកនាំមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍរបស់អារ៉ាប៊ី សាអូឌីត បានបញ្ជាក់ពីការគាំទ្រគម្រោងនៃការផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ។នេះបើតាមលទ្ធផលនៃជំនួបពិភាក្សា ការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ក្នុងឱកាសឯកឧត្តម ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងជំនួបនេះ ឯកឧត្តម នាយកប្រតិបត្តិមូលនិធិ បានសម្តែងនូវការ អបអរ សាទ ជូនចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខ តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពី បំណងក្នុងការផ្តល់ហិរញ្ញប្បទានដល់ ប្រទេសកម្ពុជា ខណៈដែល មូលនិធិ នេះ តែងបានចូលរួមគាំទ្រ ដល់ការជំរុញឱ្យមានកំណើនប្រកប ដោយចីរភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល, និងគមនាគមន៍ ជាដើម ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួប ជាមួយថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរ គុណ ចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើងផងដែរ អំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងវិស័យវិនិយោគ, ទេសចរណ៍ និងថាមពល កកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម ។
ជារួម សម្តេចធិបតី និង ឯកឧត្តមនាយកប្រតិបត្តិមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍ បានគាំទ្រចំពោះ គម្រោងនៃការផ្តល់ហិរញ្ញប្ប ទានដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយ សម្តេច ធិបតី បានអញ្ជើញថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តពិភាក្សាអំពីកិច្ចការ នេះ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕
ដោយ៖វណ្ណលុក




