គ.ជ.បជូនដំណឹងស្តីពីកាលបរិច្ឆេទ និងចំនួនអាសនៈ នៃការ បោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា អនុលោម តាមមាត្រា ៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា និងសេចក្ដីសម្រេច លេខ ៥៤ សសរ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រកាសកាល បរិច្ឆេទ នៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា, គ.ជ.ប សូមជូនដំណឹងជាសាធារណៈដល់ ស្ថាប័ន ពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ ក្នុង តំណែង និងសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៅ ក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ ជ្រាបថា កាលបរិច្ឆេទនៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃ ព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២ (ហុកសិបពីរ) រូប ក្នុងនោះ ៖
- សមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានចាត់តាំង ដោយ ព្រះមហាក្សត
- សមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានរដ្ឋសភា ជ្រើស តាំងតាមមតិភាគច្រើនដោយប្រៀប
- សមាជិកព្រឹទ្ធសភា ចំនួន ៥៨ (ហាសិបប្រាំបី) រូប ទៀត ត្រូវជ្រើស តាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើស ឆ្នោតជាសម្ងាត់។ ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ (ប្រាំបី) ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម ៖
-ភូមិភាគទី ១ រាជធានីភ្នំពេញ មាន ៦ (ប្រាំមួយ) អាសនៈ
-ភូមិភាគទី ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ (ប្រាំបី) អាសនៈ
-ភូមិភាគទី ៣ ខេត្តកណ្តាល មាន ៥ (ប្រាំ) អាសនៈ
-ភូមិភាគទី ៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មានអាសនៈមាន ១០ (ដប់) អាសនៈ
-ភូមិភាគទី ៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន ៧ (ប្រាំពីរ) អាសនៈ - ភូមិភាគទី ៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ (ប្រាំពីរ) អាសនៈ
-ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់, ខេត្ត កោះកុង និងខេត្តព្រះសីហនុ មាន ៩ (ប្រាំបួន) អាសនៈ
-ភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីមាន ៦ (ប្រាំមួយ) អាសនៈ។
គ.ជ.ប សូមសា្ថប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ ជ្រាបជា ព័ត៌មាន៕
ដោយ៖រ៉ាវុធ

