សហភាពអឺរ៉ុប ទុកពេលឱ្យក្រុមហ៊ុនមេតា និងតិកតុក មួយសប្តាហ៍ក្នុងការផ្ដល់ព័ត៌មានលម្អិតពីវិធានការប្រឆាំងនឹងព័ត៌មានមិនពិត

អឺរ៉ុប៖កាលពីថ្ងៃទី១៩ ខែតុលា គណៈកម្មការអឺរ៉ុបបានទុកពេលឱ្យក្រុមហ៊ុនមេតា (Meta) និងក្រុមហ៊ុនតិកតុក (TikTok) ចំនួនមួយសប្តាហ៍ទៀត ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីវិធានការនានា ប្រឆាំងនឹងការរីករាលដាលនៃអំពើភេរវកម្ម មាតិកាបែបហិង្សា និងមាតិកាដែលនិយាយអំពីភាពស្អប់ខ្ពើមដោយប្រើពាក្យអសុរោះនៅលើវេទិកាសង្គមរបស់ពួកគេ។ ចំណាត់ការនេះបានធ្វើឡើងនៅមួយសប្តាហ៍បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានចាត់វិធានការដដែលនេះទៅលើលោក អេឡុន ម៉ាស (Elon Musk) ចំពោះវេទិកាសង្គម X របស់គាត់។

ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្នើសុំព័ត៌មានពីក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនមេតា (Meta) និងក្រុមហ៊ុនតិកតុក (TikTok)។ សំណើនេះបានធ្វើឡើងដោយសារតែក្រុមអ្នកស្រាវជ្រាវ បានចង្អុលបង្ហាញពីការរីករាលដាលនៃព័ត៌មានមិនពិតកាន់តែច្រើនឡើង បន្ទាប់ពីមានហេតុការណ៍វាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលកាលពីមួយសប្តាហ៍មុន។

ស្ថាប័នប្រតិបត្តិនេះក៏បានបញ្ជាក់ដែរថា គណៈកម្មការអាចបើកការស៊ើបអង្កេតលើក្រុមហ៊ុនទាំងពីរ ប្រសិនបើខ្លួនមិនពេញចិត្តនឹងការឆ្លើយតបរបស់ពួកគេ។គួរដឹងដែរថា ក្រោមច្បាប់មាតិកាអនឡាញថ្មីដែលគេស្គាល់ថាជាច្បាប់សេវាកម្មឌីជីថល (Digital Services Act) បានតម្រូវឱ្យវេទិកាអនឡាញធំៗ ត្រូវធ្វើការដកចេញ ឬលុបនូវមាតិកាដែលខុសច្បាប់ ឬបង្កគ្រោះថ្នាក់ផ្សេងៗ។ ប្រសិនបើពួកគេមិនធ្វើដូច្នេះទេ ពួកគេអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលដែលបានមកពីទូទាំងពិភពលោករបស់ពួកគេ។

គណៈកម្មការអឺរ៉ុបបានប្រកាសថា «ក្រុមហ៊ុនមេតាត្រូវតែផ្តល់ព័ត៌មានដែលខាងយើងបានស្នើសុំ ទៅឱ្យគណៈកម្មការទទួលបន្ទុកនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការឆ្លើយតបនឹងបញ្ហាវិបត្តិសំខាន់ៗជាច្រើន និងនៅត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣​ ពាក់ព័ន្ធនឹងសុចរិតភាពនៃការបោះឆ្នោត»។

ស្រដៀងគ្នានេះផងដែរ គណៈកម្មការនេះក៏បានបន្ថែមថា «ក្រុមហ៊ុនតិកតុកត្រូវតែផ្តល់ព័ត៌មានដែលបានស្នើសុំ ឱ្យទៅគណៈកម្មការទទួលបន្ទុកត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការឆ្លើយតបនឹងបញ្ហាវិបត្តិសំខាន់ៗជាច្រើន និងនៅត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការការពារសុចរិតភាពនៃការបោះឆ្នោត និងអនីតិជនតាមអ៊ីនធឺណិត»៕

ប្រែសម្រួល៖ ធា សុណា

ads banner